ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបានរកឃើញ ករណីវិជ្ជមានកូវីដ១៩ចំនួន ២នាក់ថ្មីទៀត និងមានករណីជាសះស្បើយចំនួន ២នាក់ ខណៈអ្នកពាក់ព័ន្ធជាមួយរដ្ឋមន្រ្តីហុងគ្រីជាង ៤០នាក់ អវិជ្ជមានកូវីដ១៩។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងបានបញ្ជាក់ថា៖
ករណីជាសះស្បើយចំនួនពីរនាក់រួមមាន៖
-ស្រ្តីជនជាតិខ្មែរ អាយុ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាអ្នកធ្វើដំណើរមកពីប្រទេសអ៊ីរ៉ាក់ បន្តជើហោះហើរនៅទីក្រុងដូហា និងនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។
-បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើហោះហើរនៅប្រទសកូរ៉េខាងត្បូង នមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
ករណីវីជ្ជមានវីរុសកូវីដ១៩ ចំនួនពីរនាក់ថ្មីរួមមាន៖
-បុរសជនជាតិឥណ្ឌា អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។
-បុរសជនជាតិ ប៉ាគីស្ថាន អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្ដហោះ ជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១០៧នាក់ ដែលនៅក្នុងចំនួយនេះ មានបុរសទាំងពីរខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន១០៥នាក់ ដែលមានលទ្ធផលតេស្ដ អវិជ្ជមានវីរុសកូវីដ១៩នោះ ត្រូវបានដាក់អោយធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅវិទ្យាល័យបូរី ១០០ខ្នង ចំនួន៣០នាក់ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ១៧នាក់ សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួនម្នាក់ និងសណ្ឋាគារមួយផ្សេងទៀត ក្នុងរាជធានីភ្នំពេញចំនួន ៥៩នាក់។
ដោយឡែកចំពោះអ្នកពាក់ព័ន្ធ ជាមួយនឹងដំណើរទស្សនកិច្ចផ្លូវការរបស់ លោករដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ក្រសួងបានបញ្ជាក់ថា ការធ្វើតេស្ដនៅថ្ងៃទី៦ ខែវិឆ្ឆិកា ឆ្នាំ២០២០ មានចំនួន៤៩នាក់ ដែលទទួលបានលទ្ធផលតេស្ដពី វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់គ្នា។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២នេះ កម្ពុជារកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩សរុបចំនួន២៩៤នាក់ (ស្រ្តី៦០នាក់ និងបុរស២៣៤នាក់) ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ២៨៨នាក់ និងកំពូងសម្រាកព្យាបាល នៅមន្ទីពេទ្យសរុបចំនួន ៦នាក់ (គ្មានអ្នកស្លាប់)៕