ព្រះរាជវង្សានុវង្សកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ និងមិនអាចជំនួសបាន ក្នុងចំណងមិត្តភាពចិន-កម្ពុជា

0

ភ្នំពេញ៖ លោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ព្រះរាជវង្សានុវង្សកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចជំនួសបាន ក្នុងចំណងមិត្តភាពចិន-កម្ពុជា ។ នេះបើយោងតាមហ្វេសប៊ុក Royal du Cambodge ។

ក្នុងព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី៦ វិច្ឆិកា លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានមានប្រសាសន៍ថា សម្តេចព្រះមហាក្សត្រី ព្រះអង្គគឺជាសាក្សីដ៏សំខាន់ និងជាអ្នកជំរុញនូវចំណងមិត្តភាពចិន-កម្ពុជា ។ ព្រះអង្គ បានចាប់ផ្តើមបង្កើតចំណងមិត្តភាព យ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ចាប់តាំងពីពេលដែលទ្រង់បានដង្ហែ ព្រះរាជដំណើរទស្សនកិច្ច នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាលើកដំបូងមកកាន់ប្រទេសចិន នៅក្នុងឆ្នាំ១៩៥៨ ។

លោក ស៊ី ចិនពីង បញ្ជាក់ថា «សម្តេចព្រះមហាក្សត្រី ព្រះអង្គបានបំពេញព្រះរាជតួនាទី យ៉ាងសំខាន់បំផុត ក្នុងបុព្វហេតុនៃ ចំណងមិត្តភាពរវាងប្រទេសទាំង២ ក្នុងរយៈពេលជាង ៦០ឆ្នាំកន្លងមកនេះ ហើយ សម្រាប់ប្រទេសចិន ព្រះអង្គ គឺជាសាក្សីដ៏សំខាន់ចំពោះភាពរីកចម្រើន ទាំងឡាយក្នុងសង្គមចិនបច្ចុប្បន្ន» ។

លោកបន្តថា សម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជហឫទ័យ យ៉ាងពិសេសចំពោះប្រជាជនចិន ហើយបានគាំទ្រយ៉ាង សកម្មដល់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ហើយខ្ញុំកត់សម្គាល់ថា សម្តេចព្រះមហាក្សត្រី ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជំរុញការអភិវឌ្ឍន៍ ទំនាក់ទំនងទ្វេភាគី និងការលើកកម្ពស់មិត្តភាព រវាងប្រជាជនទាំងពីរ។

លោកប្រធានាធិបតីចិន បន្ថែមថា ចាប់តាំងពីការបង្កើតឡើង នូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង ៦២ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរតែងតែគាំទ្រគ្នា និងជួយគ្នាបង្កើតចំណងមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន និងក្លាយជាសហគមន៍យុទ្ធសាស្រ្តមួយ ដែលមានអនាគតរួមគ្នា ។

លោកគូសបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយ ព្រះរាជាណាចក្រកម្ពុជា ដើម្បីការឆ្ពោះទៅមុខ ឆ្ពោះទៅរកចំណងមិត្តភាព ជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើង ដោយថ្នាក់ដឹកនាំចិនជំនាន់មុន ជាមួយនឹង សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី និងបញ្ចូលកម្លាំងជំរុញថ្មី ដល់ទំនាក់ទំនងទ្វេភាគី ក្នុងសម័យកាលប្រវត្តិសាស្រ្តថ្មី ដើម្បីនាំមកនូវផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ ៕