ក្ដៅៗ ! ផ្ទុះអាវុធមួយប្រាវ ស្លាប់ប៉ូលិស៣នាក់

0

ភ្នំពេញ៖ មន្រ្តីនគរបាល៣នាក់ បានស្លាប់ភ្លាមៗ ក្រោយផ្ទុះអាវុធមួយប្រាវ នៅនគរបាលវរៈការពារព្រំដែនគោកលេខ៩០៥ ក្នុងខេត្តឧត្តរមានជ័យ នាល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។ ករណីឃាតកម្មនេះ កើតឡើងនៅ ចំណុចភូមិ ជើងភ្នំ ឃុំត្រពាំងប្រិយ៏ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

យោងតាមប្រភពព័ត៌មានពី កន្លែងកើតហេតុបានអោយដឹងថា ករណីឃាតកម្មខាងលើនេះ បង្កឡើងដោយ មន្ត្រីនគរបាល វរៈ៩០៥ បានបាញ់សម្លាប់ នាយប៉ុស្តិ៍ប៉ូលិស វរៈ ៩០៥ បន្ទាប់មកបាន បាញ់សម្លាប់នាយផ្នែកស៊ើបការណ៍ប៉ូលិស វរៈ៩០៥ នៅពេល ចុះទៅឃាត់ជនបង្ក ។

ប្រភពដដែលបានបន្តថា ជនបង្កឈ្មោះ អ៊ុ ឈយ មុខងារនាយរងប៉ុស្តិ៍ប៉ូលិសវរៈ៩០៥ បានយកកាំភ្លើងអាកា បាញ់ទៅលើ លោក ហ៊ុន ប៊ី នាយប៉ុស្តិ៍ប៉ូលិស វរៈ៩០៥ ចំនួន០២គ្រាប់ បណ្តាលអោយស្លាប់នៅនឹងកន្លែង កើតហេតុ ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនបង្កបានដើរចេញ ពីកន្លែងកើតហេតុ ស្រាប់តែលោក ស្រេង រាសី នាយផ្នែកស៊ើបការណ៏ប៉ូលិស វរៈ៩០៥ បានចូលទៅឃាត់ជនបង្ក ស្រាប់តែជនបង្ក បាញ់ទៅលើ លោក ស្រេង រាសី ត្រូវចំនួន០១ គ្រាប់ ចំក្រោមក្លៀកខាងស្តាំ បណ្តាលអោយរងរបួសធ្ងន់ និងបានស្លាប់ក្រោយបញ្ចូន ដល់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ។ ក្រោយពីបានបាញ់លោក ស្រេង រាសី រួច ជនបង្កបានដើរចេញពី កន្លែងកើតហេតុ រហូតដល់មុខផ្ទះ មេភូមិជើងភ្នំ ក៏បានបាញ់ខ្លួនឯង ចំនួន០២ គ្រាប់ ត្រូវក្រោមចង្ការធ្លាយដល់ក្បាល បណ្តាលអោយស្លាប់ នៅកន្លែងតែម្ដង ៕