រដ្ឋមន្រ្តីមហាផ្ទៃ៖ រដ្ឋបាល ក្រុង-ស្រុក មានតួនាទី និងការទទួលខុសត្រូវ ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានមានប្រសាសន៍ថា រដ្ឋបាល ក្រុង-ស្រុក មានតួនាទី និងការទទួលខុសត្រូវក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយ្យភាព។

ការថ្លែងបែបធ្វើឡើង នៅក្នុងពិធីបិទសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់ លើសេចក្ដីព្រាងឯកសារទស្សនទាន សម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ដើម្បីពង្រឹងប្រព័ន្ធអភិបាលកិច្ច មូលដ្ឋានប្រកបដោយគុណភាព រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរួមមាន រដ្ឋបាល ក្រុង-ស្រុក ចាំចាច់ត្រូវមានតួនាទី និងការទទួលខុសត្រូវ ក្នុងការផ្ដល់សេវាធារណៈ ដោយផ្ទាល់ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ មន្ដ្រីជំនាញបច្ចេកទេស ភាគច្រើន នឹងត្រូវផ្ទេរពីក្រសួង ស្ថាប័ននានានៅថ្នាក់ជាតិ ដើម្បីដាក់ពង្រាយឲ្យស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ»។

សម្ដេចក្រឡាហោម បានបន្ដថា ការកែលំអឡើងវិញនូវចំណុចខ្វះខាត ទាំងឡាយ សំដៅធានាដល់ការលើកទឹកចិត្ត មន្ដ្រីសាធារណៈ ឲ្យស្ម័គ្រចិត្តទៅបំពេញការងារ នៅរដ្ឋបាលមូលដ្ឋាន តាមរយៈការផ្ដល់ថវិកា បន្ថែមពីលើប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ព្រមទាំង ការដំឡើងកម្រិតថ្នាក់ និងឋានន្ដរស័ក្តិ ក្នុងមុខតំណែងនានា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យស្របទៅនឹងទំហំការងារ និងបង្កលក្ខណៈឲ្យមាន ភាពងាយស្រួលក្នុងការផ្ទេរមន្ដ្រី ដែលមានសមត្ថភាព តាមវិស័យជំនាញ ពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ជាពិសេស ត្រូវផ្ដល់ឱកាសដល់មន្ដ្រី ក្នុងការអភិវឌ្ឍសមត្ថភាពរៀងៗខ្លួន តាមមុខជំនាញនៅក្នុងវគ្គបណ្ដុះបណ្ដាល ដែលជាកាតព្វកិច្ចក្នុងការ អភិវឌ្ឍធនធានមនុស្ស ។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្ថែមថា រាជរដ្ឋាភិបាល នឹងគិតគូរពិចារណាអំពីការប្រគល់ នូវមូលដ្ឋានពន្ធ និងមិនមែនសារពើពន្ធបន្ថែមទៀតទៅ ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការលើក កម្ពស់ប្រសិទ្ធភាព និងការប្រកួតប្រជែង ក្នុងការប្រមូលចំណូល ទាំងក្នុងក្របខ័ណ្ឌ ជាចំណូលពីមូលដ្ឋានរបស់ខ្លួន និងសំដៅកាត់បន្ថយនូវការពឹងផ្អែក ទាំងស្រុកតែទៅលើ ការបែងចែកថវិកាពីថ្នាក់ជាតិ ៕