ភ្នំពេញ៖ នារីម្នាក់ត្រូវបាន បុរសល្មោភកាម ចាប់រំលោភបានសម្រេច ខណៈទៅស្ទូចត្រីនៅក្រោយភូមិតែឯង។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ស្ថិតនៅចំណុចបឹងបួជុំ ក្នុងក្រុម១៧ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
យោងតាមប្រភពព័ត៌មានបានអោយដឹងថា ជនសង្ស័យមានឈ្មោះ នៅ ខាន់រី ភេទប្រុស អាយុ២៤ឆ្នាំ មាន ទីលំនៅ ភូមិបត់សាលា ឃុំឈើទាល ត្រូវកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនខ្លួនទៅកាន់សាលាដំបូង បន្ទាប់ពីយុវជនរូបនេះ បានចាប់រំលោភ ទៅលើនារី រងគ្រោះរហូតបានសម្រេច ខណៈដែលនាងកំពុងអង្គុយស្ទូចត្រី នៅមាត់បឹង ខាងក្រោយភូមិម្នាក់ឯង។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺ នារីរងគ្រោះ ឈ្មោះ ប.ស.រ អាយុ២៦ឆ្នាំ ទីលំនៅ ភូមិ ឃុំ ជាមួយជនសង្ស័យ បានទៅស្ទូចត្រី នៅមាត់បឹងខាងក្រោយភូមិ ដោយការស្ទូចត្រីនេះ គឺនាងបានទៅតែម្នាក់ឯង នៅពេលនោះដែរ ជនសង្ស័យឃើញឱកាសស្ងាត់ល្អ ជនសង្ស័យក៏បានចូលទៅចាប់រំលោភនាង នៅនឹងមាត់បឹងនោះតែម្តង រហូតបានសម្រេច។
ក្រោយពីបានទទួលពាក្យបណ្តឹងរបស់នារីរងគ្រោះ និងដោយមានការឯកភាពពីលោកព្រះរាជអាជ្ញា គឺ ប៊ុណ្ណារ៉ា ផងនោះ សមត្ថកិច្ចបានឈានទៅដល់ ការចាប់ខ្លួនជនសង្ស័យ ដើម្បីបញ្ជូនទៅកាន់សាលាដំបូង ក្នុងការចាត់វិធានការ តាមផ្លូវច្បាប់៕