ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអោយដឹងថា គិតត្រឹមយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានប្រមូលព័ត៌មាន ពីគ្រឹះស្ថានសិក្សា ហើយបានរកឃើញថា មានគ្រឹះស្ថាន សិក្សាឯកជនចំនួន៤ ពាក់ព័ន្ធនឹងករណីគណៈប្រតិភូ នៃប្រទេសហុងគ្រី ។
លោកបញ្ជាក់ថា គណៈគ្រប់គ្រង នៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការ តាមការណែនាំ របស់ក្រសួងសុខាភិបាល យ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការ សិក្សាក្នុងថ្នាក់រៀន តាមការចាំបាច់ និងបន្តការសិក្សា តាមអនឡាញរយៈពេល ១៤ថ្ងៃ។
លោកបានអោយដឹងទៀតថា ស្ថានភាពនៃគ្រឹះស្ថានសិក្សាទាំង ៤ រួមមាន៖
-គ្រឹះស្ថានសិក្សាទី១ មានបុគ្គលិក១រូបបានប៉ះពាល់ ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី ។
-គ្រឹះស្ថានសិក្សាទី២ មានសិស្ស២រូប ដែលមានមាតាបិតា បានប៉ះពាល់ ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។
-គ្រឹះស្ថានសិក្សាទី៣ មានសិស្ស២រូប ដែលមានមាតាបិតា បានប៉ះពាល់ជាមួយគណៈប្រតិភូ នៃប្រទេសហុងគ្រី។
-គ្រឹះស្ថានសិក្សាទី៤ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ ជាមួយគណៈប្រតិភូ នៃប្រទេសហុងគ្រី។
សូមរំលឹកថា យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងបរទេសកម្ពុជា បានបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី៣ វិច្ឆិកាលោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម ហុងគ្រី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ នៅពេលដែលលោករដ្ឋមន្រ្តី និងប្រតិភូ អញ្ជើញដល់ទីក្រុងបាងកក នៅល្ងាចថ្ងៃដដែលនោះ បានធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីនោះបានបញ្ជាក់ថា លោករដ្ឋមន្រ្តី មានលទ្ធផលវិជ្ជមាន។ សូមបញ្ជាក់ថា សមាជិកគណៈប្រតិភូហុងគ្រីទាំងអស់បានធ្វើតេស្ត និងមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ មុនពេលចេញដំណើរមកកម្ពុជា ។
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ការពិនិត្យវត្ថុសំណាក អ្នកប៉ះពាល់ជាមួយ លោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ២១២នាក់ ដែលទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់ ។ សរុបទាំងពីរថ្ងៃ (ថ្ងៃទី៤ និងទី៥ ខែវិច្ឆិកា ឆ្នាំ២០២០) អ្នកប៉ះពាល់សរុប មានចំនួន ៨៤០នាក់ ដែលបានធ្វើតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ៕