នាយករដ្ឋមន្រ្តី នឹងអាចចេញពីការរស់នៅ ដាច់ដោយឡែក នៅថ្ងៃទី១៩ឬថ្ងៃ២០វិច្ឆិកា ប្រសិននបើការធ្វើតេស្ត៣ លើកខាងមុខមិន មានវិជ្ជមានកូវីដ១៩

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអាច ចេញពីការរស់នៅ ដាច់ដោយឡែក នៅថ្ងៃទី១៩ឬថ្ងៃ២០វិច្ឆិកា ប្រសិននបើការធ្វើតេស្ត៣ លើកខាងមុខមិន មានវិជ្ជមានកូវីដ១៩

នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចតេជោ បានសរសេរតាម នៅបណ្ដាញសសង្គមហ្វេសប៊ុក យ៉ាងដូចច្នេះថា «ចាប់តាំងពីពេលយកសំណាក ទៅពិនិត្យនៅម៉ោង១២ថ្ងៃ៤វិច្ឆកាមក ដល់ពេលនេះខ្ញុំបាន ធ្វើចត្តាឡីស័កជាង៣០ ម៉ោងរួចមកហើយ។ គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៏ ពិនិត្យសម្រេច លើសំណើររបស់ក្រសួង ស្ថាប័ននិងចុះហត្ថលេខាលើឯកសារ នានាដូចពេលមុនៗដែរ។ អ្វីដែលប្លែកគឺខ្ញុំនិងប្រពន្ធ ចែកបន្ទប់គ្នាដេក មិនហ៊ានប៉ះពាល់គ្នា ដូចកាលពីនៅ កម្លោះក្រមុំ ។ចំណែកអ្នកបំរើត្រូវពាក់ម៉ាស់ ពាក់ស្រោមជើង ស្រោមដៃតាមការ ណែនាំរបស់គ្រូពេទ្យ។»

សម្ដេចតេជោ ហ៊ុន សែន បន្តថា សម្រាប់ករណីខ្ញុំនិងភរិយានិងអ្នក ពាក់ពន្ធ័ត្រូវយកសំណាកធ្វើតេស្តរហូត ៤ដង។ លើកទី១ថ្ងៃទី៤វិច្ឆិកា ម្សិលមិញ លើកទី ២នឹងត្រូវធ្វើនៅថ្ងៃ៩វិច្ឆិកា លើកទី៣ នឹងត្រូវធ្វើនៅថ្ងៃ១៤វិច្ឆិកានិងលើកទី៤ ដែលជាលើកចុងក្រោយគឺនឹងត្រូវធ្វើ នៅថ្ងៃទី១៨វិច្ឆិកា២០២០។

សម្ដេចបញ្ជាក់ថា « ប្រសិនការធ្វើតេស្ត៣ លើកខាងមុខមិន មានវិជ្ជមានកូវីដ១៩ ទាំងខ្ញុំនិងភរិយាក៍ ដូចជាអ្នកនៅជាមួយ១៨នាក់ ផ្សេងទៀត ខ្ញុំនឹងចេញពីការរស់នៅ ដាច់ដោយឡែក នៅថ្ងៃទី១៩ឬថ្ងៃ២០វិច្ឆិកា ដែលពេលនោះសុំកូនៗនាំចៅៗ មកដឹកដៃម៉ែ ចូលបន្ទប់ពុកវិញ។»

នាយករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា បទពិសោធន៍ទប់ស្កាត់កូវីដ១៩ មិនឱ្យឆ្លង ចូលសហគមន៍រយៈពេលជាង១០ខែ កន្លងមកមួយផ្នែកធំ បានមកពីវិធានការ ធ្វើចត្តាឡីស័ក ក្រោមការដឹកនាំរបស់ ក្រសួងសុខាភិបាល និងការអនុវត្តន៍ដ៍ល្អ ពីបុគ្គលដែលត្រូវធ្វើចត្តាឡីស័ក ដែល យើងត្រូវបន្តធ្វើ កិច្ចការនេះបន្តទៀតរាប់ ទាំងរូបខ្ញុំនិង ភរិយាផងដែរ។

ជាមួយគ្នានេះសម្ដេចក៏បានលើកឡើង ជាពាក្យស្លោកមួយផងដែរថា «ការពារប្រសើរជាងព្យាបាល យើងត្រូវ រួមគ្នាទប់ស្កាត់ កុំឱ្យកូវីដឆ្លងចូលក្នុងខ្លួនយើង ចូលក្នុងគ្រួសារយើង ចូលក្នុងសហគមន៍យើង និងក្នុងប្រទេសយើង។»

សម្ដេចសូមជូន ពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខសេចក្តីចំរើន។

សូមរំលឹកថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានធ្វើតេស្តរកមេរោគកូវីដ១៩ ម្តងរួចហើយ ដែលលទ្ធផលបញ្ជាក់ថា អវិជ្ជមាន។ តាមរយៈ ហ្វេសប៊ុក សម្តេចអះអាងថា កំពុងមានសុខភាពល្អប្រសើរ ហើយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ដើម្បីរង់ចាំការធ្វើតេស្តរក មេរោគកូវីដ១៩ ជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលកម្ពុជា ក៏បានបញ្ជាក់ផងដែលថា គិតត្រឹមម៉ោង២៣យប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកប៉ះពាល់ជាមួយ រដ្ឋមន្ដ្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ចំនួន៦២៨នាក់ ត្រូវបានធ្វើតេស្តវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់ ហើយក្រសួងកំពុងបន្តការស្រាវជ្រាវអ្នកប៉ះពាល់បន្ដទៀត៕