ភ្នំពេញ៖ ផឹកស្រាស្រវឹង ឈ្លោះគ្នាជាមួយម្តាយ កូនប្រុសតិរច្ឆាន ហ៊ានយកអង្រែបុកគ្រឿង វាយក្បាលម្តាយ បណ្តាលអោយបែក ដេកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នៅភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ជនសង្ស័យ ដែលជាកូនតិរច្ឆានរូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចវាលស្រែ ក្នុងភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ។
យោងតាមស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង បានអោយដឹងថា ជនសង្ស័យ ឈ្មោះ យឹម ធី អាយុ៣៩ឆ្នាំ បានផឹកស្រាស្រវឹង បានឈ្លោះប្រកែកគ្នាជាមួយម្តាយ និងឈានដល់យកអង្រែបុកគ្រឿង វាយសំពង ទៅលើម្តាយឈ្មោះ យិន រី ភេទស្រី អាយុ ៦៩ឆ្នាំ ចំក្បាល បណ្តាលអោយបែក ដេកស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕


