សូមប្រុងប្រយ័ត្ន! ពលរដ្ឋជាង៥០នាក់ ពុលសម្លសារាយសមុទ្រនិងត្រសក់ត្រាំ នៅខេត្តត្បូងឃ្មុំ (Video)

0

ត្បូងឃ្មុំ៖ មានករណីពុលសម្ល ក្រោយបរិភោគអាហារក្នុងពិធីបុណ្យ គម្រប់ខួប១ឆ្នាំ នៅផ្ទះឈ្មោះ វ៉ា ឡេង ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមការឱ្យដឹង ពីលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល ប៉ើស២ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានអោយដឹងថា ករណីនេះ ក្រោយទទួលព័ត៌មានបានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ើស២ បានចុះទៅធ្វើការសាកសួរម្ចាស់ផ្ទះឈ្មាះ វ៉ា ឡេង ដោយគាត់ បានរៀបរាប់ថា គាត់បានធ្វើពិធីបុណ្យគម្រប់ខួប ១ឆ្នាំឱ្យប្ដីរបស់គាត់ ដោយប្រាប់បងប្អូនអ្នកជិតខាងមួយចំនួន ទៅចូលរួម។ កម្មវិធីបុណ្យធ្វើឡើង នៅល្ងាច ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ និងព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយអ្នកដែលទៅចូលរួមកម្មពិធី នៅល្ងាចថ្ងៃទី២ គឺបានបរិភោគបាយជាមួយ សម្លស្ងោរសារាយថ្ម និងត្រសក់ត្រាំ រួចក៏ត្រឡប់ទៅផ្ទះវិញ ។

រហូតមកដល់ ពេលយប់ថ្ងៃទី២ ទើបមានប្រជាពលរដ្ឋ មួយចំនួនមានអាការ:ឈឺពោះ រាគ ក្អួត និងក្ដៅខ្លួន ហើយបានហៅទូរស័ព្ទទៅគ្រូពេទ្យ។ ពេលនោះប្រធានមណ្ឌលសុខភាពឃុំប៉ើស១ បានឱ្យគ្រូពេទ្យចុះទៅមើលតាមផ្ទះអ្នកជំងឺ ហើយបានចាក់ថ្នាំ និងព្យួរសេរ៉ូម ហើយអ្នកជំងឺខ្លះក៏បានធូរស្រាល។ រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា មានអ្នកជំងឺដែលពុលអាហារចំនួន ៥៤នាក់ ស្រី២៨នាក់ ក្មេង៤នាក់ ក្នុងនោះបានសម្រាកព្យាបាលនៅតាមផ្ទះចំនួន២១នាក់ និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកក្រូចឆ្មារចំនួន ៣៣នាក់ (ស្រី១៨នាក់)។

តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យ ដែលជាប្រធានមណ្ឌលសុខភាពឃុំប៉ើស១ គឺអ្នកជំងឺខាងលើពិតជាបានពុលហូបអាហារ សម្លស្ងោរសារាយសមុទ្រ និងត្រសក់ត្រាំ ក្នុងកម្មពិធីបុណ្យខាងលើ។ គិតត្រឹមរសៀលថ្ងៃទី៣ ខែវិច្ឆិកា អ្នកជំងឺទាំងអស់បានធូរស្រាលវិញ៕