ភ្នំពេញ ៖ បុរសជាអ្នកបើកបររថយន្តម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈដែលបន្លំចូលលួចសំបុត្រ ចូលទស្សនាមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ដែលស្ថិតនៅចំណុចមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ក្នុងភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
យោងតាមស្នងការដ្ឋាន នគរបាល ខេត្តកណ្ដាល បានអោយដឹងថា ជនរងគ្រោះឈ្មោះ ZHAO HUANYU ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន មានទីលំនៅ សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ មុខរបរប្រធានគ្រប់គ្រង មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ។
ចំណែកជនសង្ស័យឈ្មោះ ទូច វាន់ឌឿន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បើកបរ រថយន្ត។
សម្ភារៈបាត់បង់៖ សំបុត្រចូលទស្សនាកម្សាន្ត មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ចំនួន៦០០សន្លឹក។
តាមរបាយការណ៍ របស់សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទី ជនរងគ្រោះដែលដឹងថា មានការបាត់បង់សំបុត្រ ចូលទស្សនា មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ម៉ាណ័រច្រើនសន្លឹក បានឆែកមើល កាមេរ៉ាសុវត្ថិភាព ឃើញមានជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចយកសំបុត្រ ចូលទស្សនាកម្សាន្ត ក៏បានហៅជនសង្ស័យ មកសួរនាំ រួចឆែកឃើញសំបុត្រមួយចំនួន ជាវត្ថុតាងខាងលើ នៅក្នុងកាបូបស្ពាយ របស់ជនសង្ស័យ ។ បន្ទាប់មកក៏ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ដីឥដ្ឋនៅ ថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០១និង៥០នាទី ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំង ប៉ុស្តិ៍បាននាំជនសង្ស័យ វត្ថុតាង មកដើម្បីធ្វើការសួរនាំ។
ក្រោយពីសាកសួររួចនៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យ បានសារភាពថា សំបុត្រជាវត្ថុតាងខាងលើ គឺខ្លួនពិតជាបានធ្វើសកម្មភាព លួចយកពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕