កម្ពុជា រកចំណូលបានជាង ៣០០លានដុល្លារ ពីការលក់អង្ករ ក្នុងរយៈពេល ១០ខែ

0

ភ្នំពេញ៖ រយៈពេល ១០ខែ ឆ្នាំ២០២០ កម្ពុជាទទួលបានចំណូល ពីការនាំចេញអង្ករ ទៅក្រៅប្រទេសចំនួន ៣៦៦.៤៤លានដុល្លារ កើនឡើងជិត ៤៧លានដុល្លារ ដែលកំណើននេះស្មើនឹង ១៥% បើប្រៀបធៀបនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០នេះ បរិមាណអង្ករនាំចេញរបស់កម្ពុជា មានចំនួន ៥៣៦ ០៣៥ តោន ដែលមានការកើនឡើង ១៧.១១% បើប្រៀបធៀបនឹងរយៈពេល ១០ខែដូចគ្នា ឆ្នាំ២០១៩។

ចំពោះទីផ្សារចម្បងនៃ ការនាំចេញអង្កររបស់កម្ពុជា គឺទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តរបស់ចិន (ហុងកុង ម៉ាកាវ តៃវ៉ាន់) មានចំណែក៣៦% បន្ទាប់មកគឺ បណ្តាប្រទេសចំនួន២៧ នៅក្នុងទ្វីបអឺរ៉ុបមានចំណែក ៣២% ហើយទីផ្សារបន្តបន្ទាប់ មានដូចជា បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៦ មានចំណែក ១៣% បណ្តាប្រទេសនៅក្នុងទ្វីបអាហ្រិ្វកចំនួន១០ មានចំណែក ៩% បណ្តាប្រទេសនៅក្នុងទ្វីបអាស៊ីនិងអូសេអានី ជាពិសេសគឺប្រទេសអូស្រ្តាលី និងញូហ្សេឡេន មានចំណែក ៦% បណ្តាដែនកោះដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ប្រទេសបារាំង និងអាមេរិក មានចំណែក ២% និងចុងក្រោយគឺ បណ្តាប្រទេសនៅក្នុងទ្វីបអាមេរិកខាងជើង និងប្រទេសនៅក្នុងមជ្ឈឹមបូព៌ា មានចំណែក ២%៕