ក.ជ.ក ស្នើឲ្យអាជ្ញាធរចាត់វិធាន ចំពោះជនដែលយក ទារកអាយុជាង១សប្ដាហ៍ ខ្ចប់ក្នុងកេសបោះចោលតាមផ្លូវ

0

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិដើម្បីកុមារ (ក.ជ.ក) បានធ្វើការអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការ មេត្តាយកចិត្តទុកដាក់ ចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ចំពោះជនល្មើស ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះ កើតមានក្នុងសង្គមកម្ពុជាបន្ដទៀត ។

តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៣ វិច្ឆិកា ក្រុមប្រឹក្សាជាតិដើម្បីកុមារ ក៏បានប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការ ដោយមិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តិអំពើឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ទៅលើទារក ដែលមានអាយុក្រោម ពីរសប្តាហ៍ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅក្នុងកេសក្រដាស កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្រុមប្រឹក្សាជាតិដើម្បីកុមារ បានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិដើម្បីកុមារ ក៏ដូចជាសាធារណជនទូទៅ ពិតជាមានក្ដីរន្ធត់ និងមាការអាណិតអាសូរ ដល់ទារិការកំសត់ម្នាក់នេះ ដែលទទួលរងគ្រោះ ដោយអំពើព្រៃផ្សៃ អមនុស្សធម៌ ឃោរឃៅ យង់ឃ្នងនេះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធកុមារ ជាពិសេស សិទ្ធិរស់រានមានជីវិត ដែលកម្ពុជាបានផល្តល់ សច្ចាប័ន និងមានក្នុងរដ្ឋធម្មនុញ្ញជាធរមាន ។