នាយករដ្ឋមន្ត្រី នឹងអញ្ជើញបើកការដ្ឋាន សាងសង់ផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាប

0

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេនោះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជួន។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំ ពិធីបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប កាលពីថ្ងៃទី៣ វិច្ឆិកា សម្ដេចពិជ័យសេនាទៀ បាញ់ បានជំរុញលើកទឹកចិត្ត ឲ្យសមាជិកសមាជិកា នៃគណៈកម្មការអន្តរក្រសួង ពាក់ព័ន្ធទាំងអស់ ចូលរួមផ្ដល់មតិយោបល់ទាក់ទង នឹងការសិក្សាប្លង់ស្ថាបត្យកម្មលម្អិតនៃ ខ្សែផ្លូវទាំង៣៨ខ្សែ ក៏ដូចជាការត្រៀមរៀបចំ ពិធីបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឱ្យប្រព្រឹត្តទៅដោយរលូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ។

ជាមួយគ្នានោះដែរលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាព នៃការត្រៀមរៀបចំបើកការដ្ឋានសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ដោយបញ្ជាក់ថា ក្រុមការងារអន្តរក្រសួង បានចុះពិនិត្យសិក្សាលម្អិត លក្ខណៈបច្ចេកទេស ផ្លូវដែលត្រូវសាងសង់ បានពិនិត្យជ្រើសរើសរួចរាល់ខ្សែផ្លូវអាទិភាព ដែលត្រូវសាងសង់ ប្រវែងសរុបចំនួន១០៨ គីឡូម៉ែត្រ បានពិភាក្សាលម្អិត លើការងារបច្ចេកទេសជាមួយ អង្គភាពទទួលសាងសង់ បានតម្រូវឱ្យអង្គភាព សាងសង់អនុវត្ត តាមលក្ខខណ្ឌតម្រូវនៃស្តង់ដារ បច្ចេកទេស បានធ្វើបញ្ជីប៉ាន់តម្លៃចប់សព្វគ្រប់ និងបានប្រគល់ជូនអង្គភាពសាងសង់រួចរាល់ហើយផងដែរ។

លោកទេសរដ្ឋមន្ត្រី បានបន្តថា អង្គភាពដែលទទួលយកការងារ សាងសង់ផ្លូវទាំង៣៨ខ្សែ នេះរួមមាន៖ កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាយកដ្ឋានជួសជុល និងថែទាំផ្លូវក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានសាធារណការ នាយកដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួនប្រភេទ ក្នុងនោះ៖ ប្រភេទទីមួយចាក់បេតុងចំនួន ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ (AC) ពីលើទេ ប្រភេទទីពីរចាក់បេតុងចំនួន២០សង់ទីម៉ែត្រ និងកន្លែងខ្លះ៧សង់ទី ម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ប្រភេទទីបីជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយ អ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុង ១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះ នៅមានភាពរឹងមាំស្រាប់ទៅហើយ ៕