ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិនៅរសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាអោយ នាយកដ្ឋានជំនាញចុះស្រាវជ្រាវ ដេីម្បីមានចាត់វិធានការតាមច្បាប់ ដោយមិនលេីកលែងឡេីយ ចំពោះករណីក្រុមហ៊ុន ស៊ីន នីវ ទទួលបានអាជ្ញាប័ណ្ណ ធ្វើអាជីវកម្មឆ្នោតឡូតូ ហេីយបំប្លែងជាល្បែងស៉ីសង តាម អនឡាញ Keno online ។ នេះបើយោងតាម Pheng Vannak News។
ឧត្ដមសេនីយ៍ឯក សៀង សេង ប្រធាននាយកដ្ឋាន ប្រឆាំង បទល្មើស ល្បែង ពាណិជ្ជកម្ម បានអោយដឹងដែរថា ឯកឧត្តម បានទទួល បទបញ្ជា ដ៏ម៉ឺងម៉ាត់ ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ រួចហេីយនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដេីម្បីដឹកនាំកម្លាំងស្រាវជ្រាវ ករណីក្រុមហ៊ុន ស៉ិន នីវ ដែលប្រជាពលរដ្ឋ រាយការណ៍ថាបាននឹងកំពុង បេីកល្បែងស៉ីសង តាមអនឡាញ Keno Online ជ្រកក្រោមស្លាកឆ្នោតឡូតូ ។ ឧត្ដមសេនីយ៍ឯក បានបន្ថែមថា បេីក្នុងករណីសមត្ថកិច្ច របស់លោក ស្រាវជ្រាវរកឃើញការពិត ដូចប្រជាពលរដ្ឋរាយការណ៍ ឧត្ដមសេនីយ៍ឯក នឹងចាត់ការតាមច្បាប់តែម្ដង ។
គួរបញ្ជាក់ថាករណីក្រុមហ៊ុន ស៉ិន នីវ ដែលទទួលបានអាជ្ញាប័ណ្ណ ពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អោយធ្វេី អាជីវកម្មឆ្នោតឡូតូ ត្រូវបានប្រជាពលរដ្ឋ រាយការណ៍ ថាក្រុមហ៊ុននេះ បានបំប្លែងឆ្នោតឡូតូ ទៅជា ល្បែងស៉ីសង តាមអនឡាញ បង្វក់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយគ្មានខ្លាចសមត្ថកិច្ច អ្វីទាំងអស់ ។ជាពិសេស ក្រុមហ៊ុន បានដាក់តាំងទូរទស្សន៍ តាមហាងនានា ជាសាធារណៈថែមទៀតផង ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ តំណាង ក្រុមហ៊ុន ស៉ីន នីវ មួយរូបបានអោយដឹងថា ក្រុមហ៊ុនរបស់លោក ពិតជាទទួលបានអាជ្ញាប័ណ្ណ ពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អោយធ្វេីអាជីវកម្មឆ្នោតឡូតូ មែន តែមិនបានបេីកល្បែងស៉ីសង តាមអនឡាញ នោះទេ ។
ទោះជាយ៉ាងណាក្ដី មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មួយរូប បានង្ហេីបអោយដឹងថា អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ស៉ីន នីវ បានហួសសុពលភាពហេីយ ហេីយក្រុមហ៊ុននេះ នៅតែលួចលាក់ ធ្វើអាជីវកម្ម ដោយមិនរាយការណ៍ ជូនក្រសួងនោះទេ ។
ពាក់ព័ន្ធនឹងការបំពានរបស់ ក្រុមហ៊ុននេះ ក្រសួងកំពុងចាត់ការ តាមនិតិវិធីផងដែរ ដោយពិន័យក្រុមហ៊ុន តាមច្បាប់កំណត់ ។ ចំពោះព័ត៌មានដែលថាក្រុមហ៊ុននេះ បានបំប្លែងឆ្នោតឡូតូ ទៅជាល្បែង ស៊ីសង តាមអនឡាញ បង្វក់ប្រជាពលរដ្ឋ ទូទាំងប្រទេសនោះ បេីសមត្ថកិច្ចស្រាវជាវ រកឃើញក្រុមហ៊ុន នេះអាចប្រឈម មុខ ចំពោះផ្លូវច្បាប់ផង និងអាចដកអាជ្ញាប័ណ្ណវិញផងដែរ ៕