ភ្នំពេញ៖ នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៤នាក់ ក្នុងករណីហិង្សា និងប្រដាប់ដោយអាវុធខ្លី ក្នុងនោះក្រុមជនសង្សយ័បានបាញ់១គ្រាប់ និងចាក់ជនរងគ្រោះជាជនជាតិចិនដូចគ្នាចំនួន ៤កាំបិត ។ ហេតុការណ៍នេះបានកើតឡើង កាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុច បុរីគុជអាស៊ី ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ ជនរងគ្រោះមានគ្នា ០២នាក់ក្នុងនោះ មានម្នាក់រងរបួសធ្ងន់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅ មន្ទីពេទ្យចិន ថៃខាង ក្នុងក្រុងព្រះសីហនុ ។
ជនរងគ្រោះទាំង ២នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ Li Hai Yang ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសំណង់ នៅម្ដុំគុជអាស៊ី ស្នាក់នៅភូមិ១សង្កាត់៣ក្រុងព្រះសីហនុ (របួសស្រាល)។
២-ឈ្មោះ SONG WEN LONG ភេទប្រុស អាយុ ៣៣ ឆ្នាំជនជាតិចិន មុខរបរ ផ្នែកអចលទ្រព្យ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (របួសធ្ងន់)។
ជនសង្ស័យទាំង ០៤នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ JIANG NAN ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ ថៅកែក្រុមហ៊ុនវ័នធុងលិយូវកុងស៊ឺ ស្នាក់នៅបុរីគុជអាស៊ី ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
២-ឈ្មោះ RAN SHUBING ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងក្លឹបកំសាន្ត កាសា២ ស្នាក់នៅ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ។
៣-ឈ្មោះ LI XIN ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន មុខរបរ អង្គរក្សថៅកែក្លឹបកំសាន្ត កាសា២ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (ជនដៃដល់ និងជាអ្នកដែលមានអាវុធខ្លី)។
៤-ឈ្មោះ WANG YAWEI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។
+វត្ថុតាងចាប់យកបាន៖
-អាវុធខ្លី ១ដើម ម៉ាក GLOCK 19 ពណ៌ទឹកប្រាក់-ខ្មៅ (គ្មានលេខសម្គាល់)
-បង់កាំភ្លើង ១
-គ្រាប់ ៩mm ចំនួន ១៦គ្រាប់
-ស៊ីឡង់ (ឧបករណ៍សម្រាប់តកាណុងកាំភ្លើងមិនឲ្យឮសម្លេង) ១ដើម
-រថយន្ត ៣គ្រឿង៖
១-ម៉ាក ព្រូស ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ 2BF-6807
២-ម៉ាក TUNDRA ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ 2AE-2004
៣-ម៉ាក ហាយលែនឌឺ ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AK-5931 ។
បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តេព្រះសីហនុ បញ្ជាក់ថា ដើមហេតុករណីនេះកើតឡើងដោយសារ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានទៅទារប្រាក់ ពីជនសង្ស័យ ហើយក៏មានការទាស់ពាក្យសម្តីគ្នា រហូតឈានដល់ការប្រើហិង្សា ផ្ទុះអាវុធនិងចាក់ជនរងគ្រោះឲ្យរបួស ៕