ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញដឹកនាំ របស់លោកស្នងការនគរបាលខេត្តស្វាយរៀង សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោងប្រមាណ ៨ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ស្ថិតនៅភូមិអកមួល ឃុំម្រាម ស្រុករមាសហែកខេត្តស្វាយរៀង ពាក់ពន្ធ័ករណីចាក់សម្លាប់ បុរសម្នាក់បណ្តាលអោយស្លាប់ ។
សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យមានឈ្មោះ ឆម តាក់ អាយុ២៦ឆ្នាំ រស់នៅភូមិស្វាយពក ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះ មានឈ្មោះតូច សាវាន អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិស្វាយពក ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។
សូមរំលឹកថា បុរសម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនបន្តទៅសង្គ្រោះ ព្យាបាលនៅរាជធានីភ្នំពេញ ខណៈត្រូវជនសង្ស័យរស់ នៅក្បែរផ្ទះគ្នាមានជម្លោះជាមួយប្រពន្ធ ហើយត្រូវបានជនរងគ្រោះ ស្រែកថាថ្លង់ណាស់ រកដេកពួន មិនបាន ខណៈនោះស្រាប់តែជនសង្ស័យខឹង យ៉ាងខ្លាំង ក៏លោតផ្លោះរបង ចូលទៅក្នុងផ្ទះជនរងគ្រោះ ដោយបានយកដែកចុងស្រួច ចាក់លើជនរងគ្រោះ ចំនួន៣កន្លែង ត្រូវចំពោះ១កន្លែង, ស្មាឆ្វេង១កន្លែង និងលើត្រចៀកឆ្វេង១កន្លែង បណ្ដាលឱ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល នៅចំណុចភូមិស្វាយពក ឃុំដូង ស្រុលរមាសហែក ខេត្តស្វាយរៀង ។ភ្លាមៗ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ យកទៅព្យាបាល នៅមន្ទីរពេទ្យស្រុករមាសហែក តែដោយរបួសធ្ងន់ធ្ងរពេក បានបញ្ជូនទៅមន្ទីរពេទ្យខេត្ដ ប៉ុន្តែត្រូវបានបញ្ជូន បន្តទៅព្យាបាល នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដល់កណ្ដាលផ្លូវក៏បានស្លាប់ គួរឱ្យអាសូរ។
ករណីបង្កជាហិង្សា ចាក់សម្លាប់ផ្អើលទាំងយប់នេះ កើតឡើងកាលពីវេលាម៉ោង១០:០៥នាទីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ច នគរបាលឃាត់ខ្លួន យកមកសាកសួរនៅអធិការដ្ឋាន នគរបាលស្រុករមាសហែក ដើម្បីចាត់ការបន្តតាមច្បាប់៕