ភ្នំពេញ៖ សពស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញ នៅក្នុងទឹកវាលស្រែ ចំណុចខាងត្បូងស្ពានភ្នំតុប(ស្ពានរាគអាចម៍) ចម្ងាយ១៥០ម៉ែត្រខាងកើតផ្លូវជាតិលេខ៥៦A ប្រហែល១០ម៉ែត្រ ខាងជើងផ្លូវលំ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។នេះបើយោងតាមអគ្គ ស្នងការនគរបាលជាតិ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា បុរសឈ្មោះ អាង សួ ភេទ អាយុ៦៥ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅមើលស្រែ នៅចំណុចទីតាំងកើតហេតុ ខាងលើ ពេលនោះឃើញមែកឈើ សង្កត់ដើមស្រូវ ក៏យកដៃទៅចាប់ទាញស្រាប់ តែឃើញដៃសពជនរងគ្រោះ ផុសចេញមក រួចរាយការណ៍ ប្រាប់សមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលម្កាក់ ទៅពិនិត្យមើល ។
សមត្ថកិច្ចបន្តថា លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងកម្លាំងនគរបាលក្រុងសិរីសោភ័ណ ពិនិត្យនិងធ្វើកោសល្យវិច័យ ។ ពិនិត្យឃើញថា សាកសពមិនត្រូវគេស្គាល់អត្តសញ្ញាណភេទស្រី អាយុប្រមាណជា៣០ឆ្នាំជាង ពាក់អាវយឺតពណ៌ក្រហមដៃវែង ខោពណ៌ជើងវែងកីឡា នៅលើខ្លួនសពមានស្នាមចាក់ដោយវត្ថុរឹងចុងស្រួច ត្រូវចុងដង្ហើម០១កន្លែង, ដើមកខាងស្តាំ០១កន្លែង និងស្នាមឆូតលើផ្ទៃជាច្រើនកន្លែង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅកន្លែងកើតហេតុបានរកឃើញវ៉ែនតានៅជាប់នឹងខ្លួន០១ នៅនឹងដី០១ និងកូនកាំបិតចុងស្រួច០១ ។ បើតាមការសន្និដ្ឋាន គឺអាចជាករណីឃាតកម្មគឺតទុកជាមុន តែនៅមិនទាន់ដឹងថាជាករណីគំនុំ ប្លន់យកទ្រព្យសម្បតិ្ត ឬជាករណីស្នេហាត្រីកោណនោះឡើយ នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ។
ជាមួយគ្នានោះដែរ សមត្ថកិច្ចបានអំពាវនាវដល់បងប្អូន ដែលបាត់សមាជិកគ្រួសារ ឬបងប្អូនដែលបានស្គាល់ស្ត្រីរងគ្រោះ សូមមេត្តាជួយផ្តល់ព័ត៌មាន មកសមត្ថកិច្ចផងដែរ ៕