ផលិតផល​ក្លែងក្លាយ​ជាង ៥០០​តោន នឹងត្រូវដុតបំផ្លាញចោល នៅថ្ងៃ៥ វិច្ឆិកា

0

ភ្នំពេញ៖ ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង ​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​.) នៃ​ក្រសួងមហាផ្ទៃ នាថ្ងៃទី៥ វិច្ឆិកា ខាងមុខនេះ នឹងដុត​កម្ទេច​ចោល​នូវ​ឱសថ និង​ផលិត ផល​ក្លែងក្លាយ​ជាង ៥០០តោន​ នៅ​ទីលាន​ចាក់សំរាម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បន្ទាប់ពី​ធ្វើការ​រឹបអូស​បាន​ពី​ឈ្មួញ​ទុច្ចរិត​ ជា​បន្តបន្ទាប់​នោះ​ ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ​របស់ ​គ​.​ប​.​ផ​.​ក​. នៅ​​ថ្ងៃទី​៣ វិច្ឆិកានេះ បាន​ឲ្យ​ដឹងថា ​លោក​ កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នឹង​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី​កម្ទេច​ឱសថ​ខុសច្បាប់​ចំនួន​ ៧.៧​តោន ​និង​ផលិតផល​ក្លែងក្លាយ​ទូទៅ​ចំនួន​ ៥៣៣​តោន ដោយ​សរុប​ទាំងអស់​គឺ​ចំនួន​ ៥៤០.៧​តោន ដែល​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ នៃ​គណៈកម្មាធិការ បាន​បង្ក្រាប និង​រឹបអូស​បាន​នាពេល​កន្លងមក​នោះ​។

ពិធី​នេះ​នឹង​មាន​ការអញ្ជើញ​ ពី​សំណាក់​ថ្នាក់ដឹកនាំ​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គទូត​នានា អាជ្ញាធរ​ដែនដី មន្ត្រីរាជការ និង​វិស័យ​ឯកជន​ជាច្រើនរូប​ ហើយ​ការ​កម្ទេចចោល​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ទូទៅ​ ត្រូវអនុវត្ត​តាម​ការ​បង្គាប់​របស់​តុលាការ​ ហើយនឹង​ធ្វើឡើង ​នា​ថ្ងៃ​ព្រហស្បតិ៍​ ទី​៥ ខែ វិច្ឆិកា ឆ្នាំ​២០២០​នេះ​ នៅ​បរិវេណ​ទីលាន​ចាក់សំរាមដង្កោ ស្ថិតនៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ ៕