ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា រយៈពេល ១៤ឆ្នាំ ប្រទេសកម្ពុជា បានបញ្ជូនកង ទ័ពមួកខៀវរបស់ខ្លួនចំនួន ៧១២៣នាក់ ក្នុងនោះមានស្ត្រីចំនួន ៤១៩នាក់ ទៅចូលរួមប្រតិបត្តិការថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅបណ្តាប្រទេសចំនួន៩ ដែលកំពុងតែហែកហួរដោយសារតែសង្គ្រាម ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់នៅថ្ងៃទី៣ វិច្ឆិកានេះថា កម្ពុជា បានឈរនៅលំដាប់ទី២ នៅពីក្រោយប្រទេសឥណ្ឌូនេស៊ី ក្នុងបណ្តាប្រទេសអាស៊ានទាំង ១០ ប្រទេស ជុំវិញការចូលរួមរបស់ស្ត្រី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ គូសបញ្ជាក់ថា «ចាប់តាំងពីឆ្នាំ២០០៦ មកប្រទេសកម្ពុជា បានបញ្ជូនកងថែរក្សាសន្តិភាពចំនួន ៧,១២៣ នាក់ ក្នុងនោះមានស្ត្រីចំនួន ៤១៩នាក់ ដើម្បីចូលរួមក្នុងប្រតិបត្តិការ ថែរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិនៅក្នុងប្រទេសចំនួន ៩ ជាពិសេសនៅទ្វីបអាហ្វ្រិកដែលប្រទេសទាំងនោះ កំពុងហែកហួរដោយសង្គ្រាម» ។
បច្ចុប្បន្ននេះ កម្លាំងទ័ពមួកខៀវកម្ពុជា បាននិងកំពុងបំពេញ បេសកកម្មរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសលីបង់, សាធារណរដ្ឋស៊ូដង់ខាងត្បូង, ប្រទេសម៉ាលី និងអាហ្វ្រិកកណ្តាល និងមានចំនួន ៥កង សរុបចំនួន ៧៧៩នាក់ ក្នុងនោះមានស្ត្រីចំនួន ៧៥នាក់។ ក្នុងរយៈពេល១៤ឆ្នាំ នៃបេសកកម្មរក្សាសន្តិភាពនេះដែរ កងទ័ពមួកខៀវកម្ពុជាចំនួន ១០នាក់ បានពលីជីវិត ក្នុងនោះនៅប្រទេសម៉ាលីចំនួន ៥នាក់ (ពលីដោយសារជំងឺកូវីដ-១៩ ម្នាក់ ) និងប្រទេសអាហ្វ្រិកកណ្តាល ៥នាក់។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា នឹងមិនដកកងកម្លាំងរក្សាសន្តិភាព ចេញពីប្រទេសដែលកំពុងរងគ្រោះឡើយ ហើយកម្ពុជារក្សាជំហរបញ្ជូន បន្ថែមឱ្យកាន់តែច្រើនទៀតផងដែរ។ សម្តេចក៏បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសក្រ នៅក្នុងអាស៊ានតែកម្ពុជាបានចូលរួម យ៉ាងសកម្មជាមួយអន្តរជាតិ ក្នុងសកម្មភាពមនុស្ស ធម៌តាមរយៈកងទ័ពមួកខៀវ ៕