៩ខែ កម្ពុជា មានអ្នកកើតជំងឺគ្រុនចាញ់ជាង ៧ពាន់ករណី តែគ្មានអ្នកស្លាប់

0

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ៩ខែ ឆ្នាំ២០២០នេះ នៅទូទាំងប្រទេសកម្ពុជា មានអ្នកកើតជំងឺគ្រុនចាញ់ចំនួន ៧.៦៦៨ករណី ប៉ុន្តែគ្មានអ្នកស្លាប់នោះទេ។

ក្នុងឱកាសអញ្ជើញបើកដំណើការ អនុវត្តសកម្មភាពលុបបំបាត់ ជំងឺគ្រុនចាញ់ប្រភេទ សន្ធំដំណាក់កាលចុងក្រោយ ឆ្នាំ២០២០-២០២៣ នៅកម្ពុជាដែលបានប្រព្រឹត្តទៅ នៅសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី៣ វិច្ឆិកានេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បញ្ជាក់ថា «តាមរបាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្ត្រ ក្នុង៩ខែ នៃឆ្នាំ២០២០នេះ បានបង្ហាញថា ករណីជំងឺគ្រុនចាញ់សរុបទូទាំងប្រទេសក្នុងឆ្នាំ២០២០ មាន ៧,៦៦៨ករណី ឈឺ និងគ្មានស្លាប់។ ករណីឈឺឆ្នាំ២០២០នេះ គឺបានបន្តថយចុះ ៧០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមាន២៥,៤៩៩»។

លោករដ្ឋមន្រ្ដីបន្តថា នេះជាមោទនភាពបំផុត គឺជំងឺគ្រុនចាញ់ប្រភេទសន្ធំ (Plasmodium Falciparum) និងចំរុះមានតែ ៧៥៤ករណី គឺបានបន្តថយចុះយ៉ាងគំហុក ៧៩%។

យោងតាមយុទ្ធសាស្រ្តជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ គឺកម្ពុជាយើងកំពុងឈរ នៅក្នុងពេលវេលាដ៏ជោគជ័យ តាមការគ្រោងទុករួចជាស្រេច តាមរយៈសមិទ្ធផលសម្រេចបាន រួចជាស្រេចនូវសូចនាករ លែងឲ្យមានអ្នកស្លាប់ ដោយសារជំងឺគ្រុនចាញ់ តាំងពីឆ្នាំ២០១៨ គឺសម្រេចបានជោគជ័យ៣ឆ្នាំ មុនការគ្រោងទុករួចជាស្រេច និងសូចនាករមួយទៀត គឺត្រូវឈានទៅលុបបំបាត់ ជំងឺគ្រុនចាញ់ប្រភេទសន្ធំ (ឬ ហ្វាល់ស៊ីប៉ារ៉ូម) នៅឆ្នាំ២០២០ បានន័យថា ដំណាច់ឆ្នាំ២០២០ គឺត្រូវឲ្យអត្រាជំងឺគ្រុនចាញ់ប្រភេទសន្ធំ (ឬ ហ្វាល់ស៊ីប៉ារ៉ូម) ទាបជាងអត្រា ១.០៥ ក្នុងចំណោមប្រជាជន ១,០០០នាក់ នៅតាមការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិនីមួយៗ និងឲ្យមកនៅសូន្យករណី នាដំណាច់ឆ្នាំ២០២៣ ៕