ស្ត្រីម្នាក់កំពុងអង្គុយ ហូបគុយទាវសុខៗ ត្រូវចោរចូលមកលួចកាបូប ពូកង់បីឃើញវ៉ៃផ្អើល (Video)

0

ភ្នំពេញ៖ អាវុធហត្ថខណ្ឌបឹងកេងកង បានចាប់ខ្លួនជនសង្ស័យ ២នាក់ ដកហូតកាំភ្លើងខ្លីម៉ាក K-59 មួយដើម ក្រោយធ្វើសកម្មភាព ចូលទៅឆក់កាបូបលុយ ពីស្ត្រីម្នាក់កំពុងអង្គុយហូបគុយទាវ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ៤:២០នាទីទាបភ្លឺថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ កែងផ្លូវ៣៩០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេង រាជធានី ភ្នំពេញ ។

បើតាមសម្ដីស្រ្តីរងគ្រោះ បានរៀបរាប់ថា មុនកើតហេតុខ្លួនបានចូលហូបគុយទាវ នៅហាងមួយកន្លែង តាមបណ្តោយផ្លូវ១៦៣ ហើយបានក៏ដាក់កាបូបនៅលើតុ បន្ទាប់មកជនសង្ស័យមានគ្នា ២នាក់បានជិះម៉ូតូមក រួចឃើញម្នាក់ ជិះម៉ូតូទៅវិញទៅមក ឃើញមានម្នាក់ធ្វើជាចុះមក ទិញគុយទាវ ពេលទិញហើយស្រាប់តែ ធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះ ហើយក៏ប្រតាយប្រតប់គ្នា ភ្លាមៗនោះខ្លួនក៏បានស្រែកឲ្យគេជួយ ហើយជនសង្ស័យ បានស្រែកឲ្យគ្នាវាដកកាំភ្លើងបាញ់ទៅលើ ហើយក៏ពូៗអ្នករត់កង់បី ម៉ូតូឌុប បានយកកៅអីគប់ទៅលើម៉ូតូ ជនសង្ស័យម្នាក់ទៀតឲ្យដួល រួចក៏បានរត់ទៅវាយប្រតាយប្រតប់គ្នា ហើយក៏ធ្លាក់កាំភ្លើងខ្លីមួយដើមមកលើផ្លូវ ម៉ាក K-59 ភ្លាមៗ នោះពូអ្នករត់ម៉ូតូឌុប បានរើសយកកាំភ្លើងយក មកកាន់កន្លែងកងរាជអាវុធហត្ថ ខណ្ឌបឹងកេងកងហើយ ក៏បានហៅកងកម្លាំងអន្តរាគមន៍ ទៅចាប់ជនសង្ស័យភ្លាមៗផងដែរ ដោយឃាត់ខ្លួនបានជនសង្ស័យបាន ២នាក់នៅហ្នឹងកន្លែងកើតហេតុតែម្តង ។

វត្ថុតាងដកហូតរួមមាន កាំភ្លើងខ្លីមួយដើម ម៉ាក K59 មានគ្រាប់ចំនួន ៣គ្រាប់ ទូរសព្ទ ២គ្រឿង ឧបករណ៍កាច់កម៉ូតូ១ និងឧបករណ៍សាកថ្មទូរស័ព្ទ ចំនួន១ និងលុយមួយចំនួនផងដែរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអវុធហត្ថ ខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមនិតិវិធីផ្លូវច្បាប់ ៕