សម្ដេចតេជោ រៀបរាប់ប្រវត្តិជូរចត់ នៃការស្លាប់យ៉ាងវេទនា របស់កូនប្រុសច្បង ហ៊ុន កំសត់

0

ភ្នំពេញ៖ ក្នុងពេលដែលជិតដល់ថ្ងៃ ខួបលើកទី៤៤ឆ្នាំ នៃការស្លាប់យ៉ាងវេទនា របស់កូនប្រុសច្បង ហ៊ុន កំសត់ (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២០) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានរៀបរាប់ប្រវត្តិជូរចត់ នៃដំណើរសាច់រឿងនៃការស្លាប់របស់កូនប្រុស ។

ខាងក្រោមនេះជា សាច់រឿងទាំងស្រុង ដែលសម្ដេចតេជោ រៀបរាប់លើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ​​​​​៖

ថ្ងៃ១០ វិច្ឆិកា ២០២០ខាងមុខនេះ ជាខួបលើកទី ៤៤ឆ្នាំ នៃការស្លាប់យ៉ាងវេទនា របស់កូនប្រុសច្បងរបស់ខ្ញុំ (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២០)។ លើកនេះខ្ញុំចង់រៀបរាប់ នូវដំណើររឿងទាក់ទងនឹង ការស្លាប់របស់កូនខ្ញុំ។

ខ្ញុំ និងភរិយា បានរៀបការនៅថ្ងៃ៥ មករា ១៩៧៦ ពិតមែនតែក្រោយរៀបការប្តីប្រពន្ធយើង មិនបានរស់នៅជាមួយគ្នា ដោយសារពួកអង្គការយក ភរិយាខ្ញុំទៅលត់ដំឱ្យលើកប្រព័ន្ធភ្លឺស្រែ ប៉ុន្តែខ្ញុំតែងតែខិតខំ រកពេលទៅជួបភរិយាខ្ញុំ។ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ១៩៧៦ ភរិយាខ្ញុំចាប់មានផ្ទៃពោះ ហើយធ្វើឱ្យនាងចាញ់កូនយ៉ាងខ្លាំង។ ទោះមានផ្ទៃពោះ និងចាញ់កូនក៏ភរិយាខ្ញុំនៅតែខិតខំ ធ្វើការយ៉ាងលំបាកតាម ការចាត់តាំងរបស់អង្គការ ស៊ីអត់ស៊ីឃ្លានដូចប្រជាជនកម្ពុជា ទូទាំងប្រទេសផ្សេងទៀតដែរ។ ប្តីប្រពន្ធយើងពិតជាកំសត់ យើងមិនដែលបានរស់នៅ ជាមួយគ្នាលើសពីមួយសប្តាហ៍ឡើយ ខ្ញុំតែងស្រក់ទឹកភ្នែកអាណិត ប្រពន្ធពេលនាងចាញ់កូន និងមានជម្ងឺដោយសារ ធ្វើការធ្ងន់ហួសកម្លាំង។

ក្នុងខែតុលា ១៩៧៦ ខ្ញុំបានសុំអង្គការយកភរិយាខ្ញុំ ទៅទីបញ្ជាការកងវរសេនាធំ ដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ (ពេលនោះគេបង្កើតជាស្រុកត្រមូង) មុនបញ្ជូននាងទៅកាន់មន្ទីរពេទ្យ។ យុទ្ធមិត្តក្នុងអង្គភាព ក៏ដូចជាប្រជាជននៅភូមិកោះថ្ម និងភូមិក្តុលបានផ្តល់មតិមកខ្ញុំថា ទុកភរិយាខ្ញុំឱ្យឆ្លងទន្លេ នៅក្នុងអង្គភាពដោយឆ្មបបុរាណ។ ដោយសារការព្រួយបារម្ភ អំពីការឆ្លងទន្លេកូនដំបូង ហើយដែលអាចឈានដល់ការវះកាត់ខ្ញុំ និងភរិយាបានពិភាក្សាគ្នា ហើយសម្រេចថា ត្រូវឆ្លងទន្លេនៅមន្ទីរពេទ្យសុវត្តិភាពជាង។

ចុងខែតុលា ១៩៧៦ ខ្ញុំបានបញ្ជូនភរិយាខ្ញុំ មកកាន់មន្ទីរពេទ្យតំបន់ដែលមានទីតាំង នៅស្រុកមេមត់ (ពេលនេះជាវិទ្យាល័យមេមត់)។ នៅមន្ទីរពេទ្យ មានគ្រូពេទ្យស្ត្រីម្នាក់ជាពេទ្យឆ្មប ដែលធ្លាប់រៀនពេទ្យជាមួយភរិយាខ្ញុំ ដែលជាពេទ្យឆ្មបដូចគ្នា។ ឯប្រធានមន្ទីរពេទ្យគឺជាមនុស្សល្អ និងរាប់អានជាមួយខ្ញុំច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យខ្ញុំមានការជឿទុកចិត្តទៅលើមន្ទីរពេទ្យនេះ។ ជាអកុសលតាំងពីពេលយកភរិយា ចូលមន្ទីរពេទ្យនាចុងខែតុលា ១៩៧៦ ខ្ញុំពុំដែលបានទៅជួបភរិយាខ្ញុំទេ ដោយសារជាប់កិច្ចការផង និងប្រធានយោធាតំបន់ដែលមកនៅអង្គភាពខ្ញុំ ខ្វះអាធ្យាស្រ័យផងដែលមិនអាច សុំច្បាប់ទៅមើលប្រពន្ធបាន។

ដូចទេវតាបានរៀបចំ នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ១៩៧៦ ប្រធានយោធាតំបន់បានប្រាប់ខ្ញុំថា ព្រឹកស្អែក (១០ វិច្ឆិកា) សែនឯង ត្រូវធ្វើដំណើរជាមួយខ្ញុំ ទៅស្រុកពាមជីលាំង (ស្រុកពាមជីលាំងបានបង្កើតឡើងនៅឆ្នាំ១៩៧៣ ដោយយកឃុំខ្លះនៃស្រុកត្បូងឃ្មុំ និងឃុំខ្លះនៃស្រុកក្រូចឆ្នា)។ ខ្ញុំត្រេកអរខ្លាំងណាស់ហើយសង្ឃឹមថា និងបានចូលមើលប្រពន្ធ នៅមន្ទីរពេទ្យព្រោះផ្លូវ ធ្វើដំណើរតាមផ្លូវជាតិលេខ៧ ដែលមន្ទីរពេទ្យនៅជាប់និងផ្លូវស្រាប់។ ជាមួយនឹងការរីករាយខ្ញុំ ក៏មានការងឿងឆ្ងល់លើ ប្រធានយោធាតំបន់រូបនេះ ដោយសារការធ្វើដំណើរទៅស្រុកពាមជីលាំង គឺទៅរកនារី១០០នាក់ ដើម្បីរៀបការឱ្យយុទ្ធជនពិការ ដែលជាកិច្ចការរបស់ស្នងការនយោបាយ មិនមែនរូបខ្ញុំដែលទទួល ការងារសេនាធិការនោះឡើយ។

ខ្ញុំបានចោទចេញជាសំនួរថា តើគាត់អាចបោកខ្ញុំយកទៅ ចាប់នៅក្រៅអង្គភាពឬទេ? ព្រោះវាជារបៀបដែលពួកនេះ ធ្លាប់បានធ្វើពីមុនមក ក្នុងការចាប់កម្មាភិបាលយុទ្ធជនវាតែងប្រាប់ថា ទៅរៀនឬទៅបំពេញការងារ ឬបេសកម្មនៅក្រៅអង្គភាព។ បញ្ហាសំខាន់ដែលធ្វើអោយ ខ្ញុំទទួលបញ្ជាយ៉ាងឆាប់នោះ គឺខ្ញុំចង់ឆ្លៀតចូលមើល រ៉ានី ដែលកំពុងសម្រាកនៅមន្ទីរពេទ្យមេមត់ ព្រោះយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៧ កាត់តាមមុខមន្ទីរពេទ្យនេះ។

អាស្រ័យដោយនិស្ស័យប្តី និងប្រពន្ធ ឪពុក និងកូននៅយប់ថ្ងៃ៩ ឈានដល់ព្រឹកថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ១៩៧៦ ខ្ញុំដេកមិនលក់សោះ សម្លេងសត្វមៀម ខ្លែងស្រាក និងសត្វផ្សេងៗទៀតបានយំឭកងរំពង ចេញពីដើមជ្រៃដ៏ធំ ដែលនៅឃ្លាតពីផ្ទះខ្ញុំប្រហែល ៣០ម៉ែត្រ ធ្វើអោយខ្ញុំព្រឺក្បាល។ ខ្ញុំមានអារម្មណ៍ថា នឹងមានហេតុការមិនល្អសម្រាប់ខ្ញុំហើយ ព្រោះតាំងពីធំដឹងក្តីមក ខ្ញុំហាក់មានអ្នកតាមថែរក្សា ដែលអាចអោយខ្ញុំដឹងមុននូវហេតុការណ៍ ដែលនឹងកើតនាពេលខាងមុខ ទាំងល្អ ទាំងអាក្រក់ តាមរយៈនៃការយល់សប្តិឬតាមរយៈសត្វយំ ឬប្រផ្នូលផ្សេងៗទៀត។ល។ យប់នោះខ្ញុំនឹក រ៉ានី ខ្លាំងណាស់ ហើយគិតថា រ៉ានី អាចឆ្លងទន្លេយប់នេះ។ ខ្ញុំដេកមិនលក់សោះ ហើយក្រោយម៉ោង១២យប់ សត្វមិនគ្រាន់តែនៅដើមជ្រៃប៉ុណ្ណោះទេដែលយំ តែនៅដើមឈើក្រៅបន្ទាយ ក៏ស្រែកយំគួរអោយតក់ស្លុត។ ក្រោយម៉ោង១២យប់ ជាពេលដែល រ៉ានី ចាប់ផ្តើមឈឺពោះឆ្លងទន្លេ។

ម៉ោងប្រហែល ២រំលងអាធ្រាតចូលដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំចេញមកក្រៅផ្ទះ ឃើញភ្លើងហោះចេញពីដើមជ្រៃទៅកន្លែងផ្សេង និងពីកន្លែងផ្សេងមកដើមជ្រៃវិញ។ សម្លេងសត្វយំកាន់តែកងរំពងខ្លាំងឡើង ហាក់ចង់ដាស់តឿនខ្ញុំថាខ្ញុំនឹងជួបគ្រោះ។ ខ្ញុំព្រឺក្បាលកាន់តែខ្លាំង និងនឹកទៅដល់ភរិយារបស់ខ្ញុំកាន់តែខ្លាំង។ ខ្ញុំអង្គុយយំម្នាក់ឯងអាណិតខ្លួន អាណិតប្រពន្ធដែលខំមកតាមប្តីក្នុងពេលដែលប្តីមិនអាចការពារ និងថែទាំប្រពន្ធបានរហូត ខ្ញុំគិតថាមិនគួរមានប្រពន្ធ មានកូនក្នុងពេលដែលប្រទេសជាតិ កំពុងជួបនឹងគ្រោះថ្នាក់បែបនេះទេ។ ខ្ញុំមិនសម្រាកទេ និងបន់អោយ តែមេឃឆាប់ភ្លឺ។ ខ្ញុំបានពិនិត្យសម្ភារៈរបស់ខ្ញុំឡើងវិញ ដែលកាំភ្លើងខ្ញុំបានបញ្ចូលគ្រាប់កាំភ្លើងខ្លីម៉ាក K54 សម្រាប់ក្រវ៉ាត់នឹងចង្កេះ និងកាំភ្លើងខ្លីមួយដើមទៀតម៉ាក K59 ដាក់ក្នុងកាបូបស្ពាយរបស់ខ្ញុំ។ កាំភ្លើងទាំង២ដើម បើកសោរត្រៀមប្រយុទ្ធហើយស្រេច ព្រោះបារម្ភប្រធានយោធាតំបន់ បោកខ្ញុំយកទៅ ចាប់ឬសម្លាប់ក្រៅ អង្គភាព។

ម៉ោងប្រមាណ៥ មិនទាន់ភ្លឺផង ប្រធានយោធាតំបន់បានជិះម៉ូតូមកដល់ផ្ទះខ្ញុំ ហើយសួរខ្ញុំថា តើរៀបចំខ្លួនហើយឬនៅ យើងចេញដំណើរទាន់ពេលព្រឹក។ ខ្ញុំបានឆ្លើយតបថា រួចហើយបង។ ប្រធានយោធាតំបន់បានប្រាប់ខ្ញុំថា សែនឯងជាអ្នកជិះម៉ូតូឌុបខ្ញុំ។ ពេលនោះខ្ញុំគិតថាពិតជាមិនស្រួលហើយ ហេតុអីគាត់អោយ ខ្ញុំជិះម៉ូតូឌុបគាត់ទៅទៅវិញ? ឆ្លៀតពេលមិនទាន់ចេញពីផ្ទះ ខ្ញុំបានដើរចូលទៅក្នុងបន្ទប់ ដកយកកាំភ្លើងចេញពី ស្រោមមកសៀតនឹងចង្កេះឆ្វេងវិញ ងាយស្រួលប្រើដៃស្តាំ ដកចេញហើយបាញ់តែម្តង។

ពេលជិះម៉ូតូចេញមក តាមផ្លូវខ្ញុំគិតថា ប្រសិនម្នាក់នេះដកកាំភ្លើងភ្ជង់ខ្ញុំពីក្រោយ ខ្ញុំត្រូវផ្តួលម៉ូតូភ្លាមដើម្បីឱ្យដួលទាំងអស់គ្នា និងដើម្បីកុំអោយគាត់បាញ់ខ្ញុំពីក្រោយបាន។ ខ្ញុំត្រូវជិះម៉ូតូអោយលឿន ព្រោះគាត់ពិតជាមិនហ៊ានបាញ់ទេ នៅពេលម៉ូតូនៅមានល្បឿនលឿន។ នេះជាការដែលខ្ញុំគិត ដើម្បីការពារជីវិតនាពេលនោះ តែរឿងបែបនេះមិនបាន កើតឡើងនាពេលនោះទេ ដូចនេះបានជាខ្ញុំយកការសន្ឋិដ្ឋានមួយថា មូលហេតុដែលគាត់អោយខ្ញុំជិះម៉ូតូឌុប គាត់អាចបណ្តាលមកពីគាត់មិនទុកចិត្តខ្ញុំ ខ្លាចខ្ញុំបាញ់គាត់ពីក្រោយដូច ដែលខ្ញុំគិតទៅលើរូបគាត់ នៅពីក្រោយខ្ញុំដែរ។

ផ្លូវជាតិលេខ៧ ពីឃុំទន្លូង មកមន្ទីរពេទ្យនៅអនុវិទ្យាល័យមេមត់ ទទួលរងការខូចខាតយ៉ាងខ្លាំងតាំងពី ឆ្នាំ១៩៧០-១៩៧១ ពេលដែលកងទ័ពអាមេរិក និងវៀតណាមខាងត្បូង បញ្ជូនរថក្រោះមកបើកបរលើផ្លូវនេះ នៅពេលដែលគេចូលឈ្លានពាន កម្ពុជានាពេលនោះ។ ដូចនេះទោះត្រូវជិះលឿន ក្នុងចម្ងាយផ្លូវជាង ៣០គីឡូម៉ែត្រ យើងត្រូវប្រើពេលប្រមាណមួយម៉ោង។ ចេញមកម៉ោងជាង៥ មកដល់មន្ទីរពេទ្យម៉ោងជាង ៦ព្រឹក។ ពេលដល់មន្ទីរពេទ្យ ខ្ញុំបត់ម៉ូតូចូលមន្ទីរពេទ្យ ប្រធានយោធាតំបន់សួរខ្ញុំថា ចូលមន្ទីរពេទ្យធ្វើអី? ខ្ញុំឆ្លើយថាចូលមើលប្រពន្ធខ្ញុំបន្តិច ព្រោះគាត់សម្រាកពេទ្យនៅទីនេះ។ គាត់ថាតែបន្តិចទេណា ប្រញាប់ធ្វើដំណើរទាន់ព្រឹក។ ក្រោយម៉ោង៦ព្រឹក ភាពតក់ស្លុតបានកើតឡើងសម្រាប់រូបខ្ញុំ គឺនៅពេលដែលខ្ញុំបានចូលដល់មន្ទីរពេទ្យ មានស្ត្រីដែលសម្រាកព្យាបាលជាមួយភរិយាខ្ញុំ បានស្រែកប្រាប់ខ្ញុំថា ប្អូនប្រពន្ធ ប្អូនឆ្លងទន្លេ ឯកូនស្លាប់ហើយ។ ឯបងៗផ្សេងទៀតស្រែកថា រ៉ានី ឆ្លងទន្លេ ឯកូនស្លាប់ហើយ។ មានបងស្រីម្នាក់បាននិយាយថារវល់ទៅណាមិនមកមើលប្រពន្ធ ទុកអោយប្រពន្ធឆ្លងទន្លេតែឯង។ល។

ខ្ញុំពុំឆ្លើយតបជាមួយពួកគាត់ទេ តែប្រឹងរត់សំដៅទៅបន្ទប់ សម្រាលកូនដែលបិទទ្វារជិត ខ្ញុំរុញទ្វារបើក ឡើងមិនឃើញ រ៉ានី ទេព្រោះពេទ្យបានបញ្ជូន រ៉ានី នៅបន្ទប់សម្រាកមួយផ្សេងទៀត។ និស្ស័យឪពុក និងកូន ខ្ញុំ បែរជាសម្លឹងទៅឃើញទារកមួយ ដែលកំពុងហូរឈាមចេញតាមមាត់ មានស្លាកស្នាម និងឆ្អឹងខ្នងប៉ះនឹងជ្រុងគ្រែបាក់ឆ្អឹងខ្នង និងមានប្រឡាក់ដី។ នោះគឺកូននេះកើតមកត្រូវពេទ្យ ធ្វើអោយរបូតពីដៃធ្លាក់ទៅលើជ្រុងគ្រែ ហើយធ្លាក់ទៅដី ទើបរើសពីដី មកដាក់ចោលលើគ្រែវិញ។ ដោយឃើញ កូននៅហូរឈាមតាមមាត់នៅឡើយ ខ្ញុំប្រឹងស្រែកអោយគេ ជួយសង្រ្គោះជីវិតកូនខ្ញុំ។ អ្នកជម្ងឺជា ស្ត្រី៥នាក់បានចូលមក ជួយមើលដោយក្តីអាណិត បន្តិចក្រោយមក ប្រធានមន្ទីរពេទ្យក៏បានចូលមកដល់។ គាត់ក៏ជាមនុស្សល្អម្នាក់បានសំដែង នូវការសោកស្តាយ និងសុំការអាធ្យាស្រ័យជំនួសគ្រូពេទ្យ ដែលធ្វើការធ្វេសប្រហែស ធ្វើអោយមានរឿង សោកនាដកម្មនេះកើតឡើង។

ខ្ញុំបានស្នើសុំប្រធានមន្ទីរពេទ្យ អោយជួយរកចបកាប់ដើម្បី ខ្ញុំយកសាកសពកូនខ្ញុំទៅកប់ ប៉ុន្តែស្រាប់តែប្រធានយោធា តំបន់ស្រែកពីមាត់ទ្វារមកថា មិនបាច់យកខ្មោចកូននេះទៅកប់ខ្លួនឯងទេ មានពេទ្យយកទៅកប់ហើយ។ ពេលឃើញប្រធានយោធាតំបន់មកដល់ ខ្ញុំក៏បានស្នើសុំទៅគាត់ ដោយពាក្យរាបសារទាំងទឹកភ្នែកថា ខ្ញុំសុំអនុញ្ញាតពីបងដើម្បីយកសពកូនទៅកប់ និងនៅមើលថែប្រពន្ទខ្ញុំ ដែលទើបឆ្លងទន្លេ។ អាឃោរឃៅមួយនេះចាប់ផ្តើម បញ្ចេញនូវសារជាតិរបស់វាមកហើយ វាមិនគ្រាន់តែមិនចូលរួម សោកស្តាយនូវការបាត់បង់ដ៏ធំធេងរបស់ខ្ញុំ តែវាបែរជាយកពេលនេះ មកបំបាក់ស្មារតីខ្ញុំទៀតផង។

ចម្លើយរបស់វាមកកាន់ខ្ញុំ ដំបូងវានិយាយថា ចរិតពួកអនុធនមិនកែប្រែសោះ កម្មសិទ្ធិ មនោសញ្ចេតនាក្រាស់ មិត្តឯងមិនមែនគ្រូពេទ្យទេ បើមិត្តឯងនៅក៏អាកូននេះមិនរស់ឡើងវិញដែរ។ មានពេទ្យយកខ្មោចកូននេះ ទៅកប់ហើយមិនបាច់កប់ខ្លួនឯងទេ។ ការងារអង្គការសំខាន់ជាងការងារបុគ្គល។ ឮសំដីបែបនេះកំហឹងខ្ញុំក្តៅរោលរាលពេញខ្លួន តែការអត់ធ្មត់គឺជារឿងចាំបាច់ ព្រោះការដឹកនាំការតស៊ូរំដោះប្រទេស ពីពួកអង្គការទើបអស់មនុស្សបែបតិរច្ឆាននេះ។ មុនវាដើរចេញទៅ វាប្រាប់ខ្ញុំថា ខ្ញុំទៅចាំនៅខាងក្រៅ១៥នាទី ត្រូវចេញដំណើរ។ ប្រធានមន្ទីរពេទ្យដែលនៅទីនោះដែរ សំដែងការហួសចិត្តផង និងភ័យខ្លាចផង ហើយចូលរួមអាណិតអាសូរដល់ខ្ញុំ។ ជាមួយទឹកភ្នែកដែលស្រក់មកមិនឈប់ ខ្ញុំបានទាញយកក្រម៉ា ពីករខ្ញុំដែលសើមដោយ ទឹកភ្នែករបស់ខ្ញុំមករុំសពកូនរបស់ខ្ញុំ ហើយស្នើសុំប្រធានមន្ទីរពេទ្យ អោយជួយរកក្រដាស់សរសេរអក្សរថា (កំសត់) ដាក់ក្នុងកូនដប ដើម្បីយកទៅកប់ជាមួយកូនខ្ញុំ។

បំណងរបស់ខ្ញុំគឺដាក់ ឈ្មោះកូននេះមានឈ្មោះថា “កំសត់”និងងាយចំណាំ ដោយយើងមានអក្សរនៅក្នុងដបបិទជិត។ ខ្ញុំមិនច្បាស់ថាប្រធានមន្ទីរពេទ្យ ធ្វើតាមសំណូមពរខ្ញុំ ឬអត់នោះទេ ព្រោះតែប៉ុន្មានខែក្រោយមក គាត់ក៏ត្រូវពួកអង្គការចាប់យកទៅសម្លាប់ដែរ។ ដូចនេះហើយ ទើបខ្ញុំមិនដឹងថា សពកូនរបស់ខ្ញុំកប់នៅទីណា ពិតប្រាកដ។ បន្ទាប់ពីរុំសពកូន និងផ្តាំផ្ញើជាមួយប្រធានមន្ទីរពេទ្យរួចហើយ ខ្ញុំប្រញាប់ទៅរក រ៉ានី ដែល កំពុងអាំងភ្លើងនៅបន្ទប់មួយទៀត។ តាមពិត រ៉ានី មិនបានឃើញមុខកូនយ៉ាងណានោះទេ ។ យើងជាប្តីប្រពន្ធក្មេងៗ មើលមុខគ្នាយំដោយការស្តាយស្រណោះ ។ ខ្ញុំមិនមានក្រម៉ាជូតទឹកភ្នែកទៀតទេ ដោយសារក្រម៉ាបានយកទៅរុំសពកូន ទៅហើយមានដៃអាវទាំងសងខាង សម្រាប់ជូតទឹកភ្នែកដ៏ឈឺចាប់នេះ។ រ៉ានី ផ្តល់ក្រម៉ាអោយខ្ញុំទាំងខ្លួននាងនៅរងារញ័រញាក់ បន្ទាប់ពីឆ្លងទន្លេទើបបានប្រហែល ជាងមួយម៉ោង។ សាកសពកូនមិនបានយកទៅកប់ ភរិយាទើបឆ្លងទន្លេ មិនបាននៅមើលថែទាំ តើទំហំនៃការឈឺចាប់ប៉ុណ្ណា? តែខ្ញុំបានយកឈ្នះលើចិត្តខ្លួងឯង ដើម្បីធ្វើការងារធំជាង គឺរំដោះប្រជាជន កម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ខ្ញុំបន្តដំណើរជាមួយ ប្រធានយោធាតំបន់ទៅឃុំពាមជីលាំង ស្រុកពាមជីលាំង នាពេលនោះ និងជាស្រុកត្បូងឃ្មុំ នាពេលនេះ។ នេះជាការធ្វើដំណើរដោយបង្ខំចិត្ត ក្នុងពេលដែលវិញ្ញាណទាំងអស់ នៅជាមួយភរិយាដ៏កំសត់ និងការសោកស្តាយចំពោះកូនដែលបាត់បង់ជីវិតទៅ។ យើងបានធ្វើដំណើរ និងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក ពេលរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ពួកយើងបានធ្វើដំណើរ ត្រឡប់មកអង្គភាពវិញ។ ក្នុងពេលធ្វើដំណើរ ខ្ញុំបានឆ្លៀតស្នើសុំប្រធានយោធាតំបន់ សារជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែទាំភរិយាខ្ញុំ។ ប៉ុន្តែសំណើដដែលចម្លើយក៏ដដែលដែរ បន្ថែមដោយការអប់រំមកលើខ្ញុំថា ខ្វះចរិតដាច់ខាតក្រោយពេលមានប្រពន្ធ។ ខ្ញុំខឹងខ្លាំងណាស់ស្ទើរតែអត់ទ្រាំមិនបាន បំរុងទាញកាំភ្លើងបាញ់អាចង្រៃនេះ នៅម្តុំបុស្តតាកុក ចន្លោះភូមិស្អំ និងភូមិដារ ដែលពេលនោះមានសុទ្ធតែព្រៃគ្មានមនុស្ស ស្រែ ចំការ ផ្ទះសម្បែង ដូចពេលនេះទេ។ ប៉ុន្តែខ្ញុំនៅតែអត់ធ្មត់បាន ដើម្បីដឹកនាំការតស៊ូ មួយដែលខ្លួនបានម្ចាស់ការរៀបចំកម្លាំង ជាបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ និងដែលមានមួយចំនួនត្រូវ គេចាប់ខ្លួនរួចទៅហើយដូចនេះ ចលនាតស៊ូត្រូវតែមានជាបន្ត មិនអាចបាត់បង់ដោយសារ កំហឹងរបស់ខ្ញុំបានឡើយ។

ម៉ោងប្រហែល៤ល្ងាច ម៉ូតូមកដល់មុខមន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូដោយមិននិយាយអ្វីទាំងអស់ ព្រោះខ្ញុំជាអ្នកជិះស្រាប់។ ខ្ញុំដើរចូលទៅបន្ទប់ដែល រ៉ានី សម្រាកពិនិត្យឃើញ រ៉ានី ហើមមុខ ហើមខ្លួន បន្ទាប់ពីឆ្លងទន្លេបានប្រហែល ៣៥ម៉ោង។ ដោយសារ រ៉ានី ជាគ្រូពេទ្យឆ្មបស្រាប់ នាងបានប្រាប់ខ្ញុំថា អាចមកពីពេទ្យកាយទម្លាក់សុកមិនអស់។ ពួកយើងបាន ត្រឹមទឹកភ្នែក តែ រ៉ានី ហាក់រឹងប៉ឹងជាងខ្ញុំ និងយល់ពីការងារដែលខ្ញុំត្រូវធ្វើ ទោះខ្ញុំមិនដែលប្រាប់នាងក៏ដោយ។ ខ្ញុំចាកចេញទាំងទឹកភ្នែកដោយការអាណិតភរិយា និងពុំបានទៅសួរប្រធានមន្ទីរពេទ្យអំពីទីកន្លែងដែលកប់សាកសពកូនខ្ញុំដែរ។

មកដល់អង្គភាព ខ្ញុំបានយករឿងនេះទៅជម្រាប ប្រធាននយោបាយអង្គភាព ដែលគាត់ជាមនុស្សចិត្តបុណ្យម្នាក់ និងមានអាយុប្រហែលឪពុកខ្ញុំ។ គាត់បានអនុញ្ញាតអោយយក រ៉ានី ទៅព្យាបាលនៅអង្គភាព។ គាត់បានសំដែងនូវការហួសចិត្ត ចំពោះទង្វើប្រធានយោធាតំបន់មកលើខ្ញុំ ហើយប្រាប់ខ្ញុំថាម្នាក់នេះ ជាអតីតចោរលួចគោអ្នកស្រុក ទៅលក់អោយវៀតកុង នៅតាមព្រំដែនកម្ពុជា វៀតណាម។ ដល់ប៉ូលីសតាមរកចាប់ក៏រត់ ចូលព្រៃតស៊ូជាមួយខ្មែរក្រហមក្នុងអំឡុងឆ្នាំ១៩៦៨ ទើបគេក្លាយជាអ្នកមានអំណាច ដ៏អស្ចារ្យក្នុងរបបខ្មែរក្រហម។ ប្រហែលដោយសារប្រធាន នយោបាយអង្គភាពបានប្រាប់ ទៅគាត់ថាខ្ញុំអន់ចិត្ត និងដោយសារយុទ្ធជនក្នុង អង្គភាពនេះស្ថិតក្រោមបញ្ជាខ្ញុំ ទើបធ្វើអោយប្រធានយោធាតំបន់រូបនេះ ចាកចេញពីអង្គភាពតាំងពីព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ទៅរស់នៅទីបញ្ជាការយោធាតំបន់នៅចំការដូង ស្រុកមេមត់ ដែលទើបកសាងរួច។ មុនពេលភ្លឺ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំប្រញាប់ចេញទៅមន្ទីរពេទ្យ ដើម្បីដឹកយក រ៉ានី មកអង្គភាពរបស់ខ្ញុំ ដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង។ ពេលមកដល់ក្រឡេកឃើញយុទ្ធមិត្តខ្ញុំ បានជួយរៀបចំបន្ទប់ជញ្ជាំងភ្ជល់អោយខ្ញុំ។

ពួកគេបានដឹងពីរឿងកូនខ្ញុំស្លាប់ និងភរិយាខ្ញុំឈឺ ពួកគេបានចូលរួមសោកស្តាយ និងការលំបាកជាមួយប្តីប្រពន្ធរបស់ពួកយើង។ ជាសំណាង ល្អដែលខ្ញុំបានយក រ៉ានី មកអោយឆ្មបបុរាណកាយ ទម្លាក់សុកទាន់ពេល បើពុំនោះទេនឹងទៅជាក្រឡាភ្លើង និងឈានទៅគ្រោះថ្នាក់ ដល់ជិវិតជាមិនខានឡើយ ។ ខ្ញុំបានបំពេញភារកិច្ចជាស្វាមី ពិតប្រាកដសម្រាប់ភរិយាមួយរូប ដែលបានលះបង់គ្រប់យ៉ាង ដើម្បីរូបខ្ញុំដែលជាជនពិការម្នាក់។ ខ្ញុំរកបានអុសល្អៗដើម្បីដុតកំដៅ ដែលជំនាន់ដើមហៅថា(អាំងភ្លើង) ក្រោយឆ្លងទន្លេរួច។

ឆ្នាំ១៩៧៦ ត្រូវនឹងឆ្នាំដែលមានធាតុអាកាសត្រជាក់ណាស់។ រ៉ានី មិនចេះផឹកស្រា ដែលខ្ញុំបានផ្សំទុកជាមួយសត្វអាញី និងទឹកឃ្មុំ។ ដូចនេះខ្ញុំត្រូវរកវិធីផ្សំថ្នាំ តាមចាស់ៗនិយាយប្រាប់។ ខ្ញុំក្លាយជាអ្នកចេះផ្សំថ្នាំដើម្បីសុខភាពភរិយា។ សក់ក្បាលរបស់ខ្ញុំសំបូរដោយផេះ ព្រោះត្រូវផ្លុំភ្លើងដាំថ្នាំដាំបាយបំរើភរិយា។ រៀងរាល់ព្រឹក ក្នុងចន្លោះម៉ោង៤ ដល់ម៉ោងជាង៥ ខ្ញុំត្រូវក្រោកពីព្រលឹម ដើម្បីលាបពន្លៃ ត្រាំស្រា និងដុតភ្លើងឱ្យប្រពន្ធ។ ខ្ញុំបំរើ រ៉ានី ដូចបំរើម្តាយចាស់ប្រហែលជាងកន្លះខែ ទើបរឹងដៃរឹងជើង តែខ្ញុំនៅតែចាត់ទុកថា ភរិយាខ្ញុំនៅសសៃខ្ចីនៅឡើយ។ ដូចនេះបានជាខ្ញុំមិនបណ្តោយអោយនាងធ្វើអ្វី ហើយខ្ញុំក៏មិនទៅណាឆ្ងាយចោលនាងដែរ។

ទោះបីជួបការលំបាក តែនេះជាលើកដំបូងហើយ ដែលខ្ញុំបានរស់នៅជាមួយគ្នាលើស មួយសប្តាហ៍បន្ទាប់ពីរៀបការហើយ។ ប្តីប្រពន្ធយើងបានរស់នៅជាមួយគ្នា ដោយមិនសូវមានការរំខាន ពីពួកអង្គការដូចពេលមុនឡើយ។ នេះជាការឈឺចាប់ដែលមិនអាច បំភ្លេចបានចំពោះរឿងរ៉ាវដែលកូនប្រុសច្បង បានស្លាប់តែការឈឹចាប់នោះហើយ ដែលបានជួយលើកទឹកចិត្តខ្ញុំ ឱ្យងើបឈរឡើងដើម្បីសង្រ្គោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីខែមករា ឆ្នាំ១៩៧៩ ៕