ភ្នំពេញ៖ មេភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក បានស្លាប់ និងប្រពន្ធរបួសធ្ងន់ ខណៈពេលដែលជិះម៉ូតូឌុបគ្នា ទៅបុកឆ្កែឆ្លងថ្នល់ជាតិ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦នឹង៣០នាទី ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥៦A នៅខាងត្បូងសាលាបឋមសិក្សាតាម៉ា ភូមិតាម៉ា សង្កាត់ម្នាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។
លោក ស៊ី ឌី អធិការនគរបាល ក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះជាមេភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក មានឈ្មោះ ឡែ ចយ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិឯកភាព ឃុំគំរូ ស្រុកថ្នពួក ខេត្តបន្ទាយមានជ័យ ឯប្រពន្ធមានឈ្មោះ មាស នី អាយុ៥១ឆ្នាំ រងរបួសធ្ងន់ត្រង់ដៃ និងក្បាល ត្រូវបានបញ្ជូនទៅសម្រាកព្យបាលនៅគ្លីនិចនាគព័ន្ធ ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ។
លោក ស៊ី ឌី បានបញ្ជាក់ឲ្យដឹងទៀតថា៖នៅមុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខប.មានជ័យ១B-១៦២២ ជិៈឌុបគ្នា ពីជើងទៅត្បូងទៅទិញនំ ផ្លែឈើនៅផ្សារក្រុងសិរីសោភ័ណ ដើម្បីយកទៅលក់ក្នុងសាលារៀនវិទ្យាល័យថ្មពួក ពេលបើកម៉ូតូដល់ចំណុចកើតហេតុមានសត្វឆ្កែ០១ក្បាលរត់កាត់ផ្លូវ ស្របពេលនោះ ម៉ូតូបានបុកឆ្កែរួចម៉ូតូ បានជ្រុលចង្កូត ទៅបុកដើមអំពិលទឹក ក្បែរថ្នល់ពេញទំហឹង បណ្តាលឲ្យប្តីស្លាប់ និងប្រពន្ធរងរបួសធ្ងន់ បាក់ កដៃខាងឆ្វេងនិងក្បាល ។
ក្រោយពីកើតហេតុជនរងគ្រោះ ជាប្តី ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពម្កាក់ និងបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ តែមិនអាចជួយបាន ដោយករណីរបួសធ្ងន់ធ្ងរ ក៏បានបាត់បង់ជីវិត ចំណែកឯប្រពន្ធ កំពុងសម្រាកព្យាបាល។ចំណែកម៉ូតូ ត្រូវបានប្រជាពលរដ្ឋ លើកយកចេញពីកន្លែងកើតហេតុ ក្រោយមកកំលាំង នគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ម្កាក់ បានយកមករក្សាទុក បណ្តោះអាសន្ន ចាំប្រគល់ឲ្យក្រុមគ្រួសារ មកទទួលយក ៕