ភ្នំពេញ៖ កម្លាំងអធិការដ្ឋានគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សារដោយចេតនា ក្រោយពីជនសង្ស័យរូបនេះ បានទាស់ពាក្យសម្តីជាមួយជនរងគ្រោះ ឈានដល់យកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះរងរបួសដៃយ៉ាងដំណំ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៩នឹង៣០នាទី នៅចំណុចភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចេង សុឃឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ចំណែកជនសង្ស័យឈ្មោះ ហៀប លាងហេង ហៅហើម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ដោយឡែកវត្ថុតាងចាប់យក កាំបិតផ្គាក់ចំនួន០១។
ប្រភពដដែលបន្តថា កាលពីថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ចេង សុខឿន កំពុងដេកអង្រឹងក្រោមផ្ទះ២នាក់ប្រពន្ធ ភ្លាមនោះជនសង្ស័យឈ្មោះ ហៀប លាងហេង(ហើម)បានជិះកង់ម្នាក់ឯង មកឈប់នៅមុខផ្ទះ ជនរងគ្រោះហើយក៏បានជជែក ជាមួយជនរងគ្រោះ ពីរឿងជនរងគ្រោះជំពាក់ប្រាក់ ខ្លួនចំនួន២០០០០រៀល ខណៈនោះក៏បានឈ្លោះគ្នា ដោយជនរងគ្រោះកាន់ដំបង ហើយក៏មានការវ៉ៃគ្នាបណ្តាល ឲ្យជនរងគ្រោះរបួសមុតកដៃឆ្វេង។ បន្ទាប់ពីមានករណីខាងលើរួច ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង មកប៉ុស្តិ៍នគរបាលតាលន់ ដើម្បីចាត់ការតាមច្បាប់។
ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍ទទួលបានពាក្យបណ្ដឹងខាងលើ ភ្លាមនោះក៏ធ្វើការឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ រួចកសាងសំណុំរឿងបញ្ជូនមកអធិការដ្ឋាននគរបាលដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕