ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយសារត្រូវ បុរសម្នាក់ទៀតយកកាំបិតប៉័ងតោ កាប់ប្រហារ ក្នុងជម្លោះពាក្យសម្តីរឿង ទិញគល់កញ្ជ្រាំងឲ្យទាស៊ី ។ ករណីនេះកើតឡើង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទី ដោយជនសង្ស័យ បានយកកាំបិតប៉័ងតោ កាប់មកលើជនរងគ្រោះបណ្ដាល អោយរបួស ០៣ កន្លែង នៅចំណុចមុខផ្ទះរបស់ឈ្មោះ ឌុល សាទ ក្នុងភូមិសាស្ថ្រភូមិជំពារ ឃុំ ព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ហេតុការនេះបង្កឡើង ដោយជនសង្ស័យឈ្មោះ ឌុល សាទ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ុក រតនា ភេទ ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអូរធំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មកស្នាក់នៅដេកឃ្វាលទានៅចំណុចពូនភ្នំក្នុងភូមិសាស្ថ្រ ភូមិជំពារ ឃុំ ព្រៃគ្រី ស្រុកជលគិរី ខត្តកំពង់ឆ្នាំង ។ មូលហេតុទំនាស់ពាក្យសំដីគ្នា រឿងទិញគល់កញ្ជ្រាំង ស្រូវតាមស្រែឲ្យទាស៊ី ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរ ពេទ្យបង្អែកស្រុក ចំណែកជនសង្ស័យបានរត់គេចខ្លួន ។
ករណីនេះ ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃគ្រី បានចុះកសាងសំណុំរឿងតាមនីតីវិធី ដើម្បីចាត់ការបន្តតាមច្បាប់ ៕