ក្លាយជាអ្នកទោស ព្រោះកំហឹងមួយឆាវ

0

ភ្នំពេញ៖ ជនដៃដល់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីរបានវ៉ៃទៅលើ យុវជនម្នាក់ បណ្ដាលឲ្យសន្លប់បាត់បង់ស្មារតី ព្រោះតែខឹងជនរងគ្រោះ លួចស្រាបៀរចំនួនពីរកំប៉ុង ករណីឃាត់ខ្លួន ជនសង្ស័យខាងលើធ្វើឡើង កាលពីវេលាម៉ោង៨និង ៥០នាទីព្រឹកថ្ងៃទី ២៩ខែតុលាឆ្នាំ ២០២០នៅត្រង់ចំណុចស្រះទឹក ក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

ជនរងគ្រោះឈ្មោះ វែង បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

ចំណែកជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ សេង ភារុន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

បើតាមសំដីលោកវរសេនីយ៍ឯកជឹម ស៊ីថាអធិការខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧និង៤០នាទី ជនរងគ្រោះ កំពុងអង្គុយលេងទូរស័ព្ទធម្មតា នៅលើមាត់ស្រះដែលមានចំងាយ ពីផ្ទះជនរងគ្រោះ៥០ម៉ែត្រ ។  ពេលនោះស្រាប់តែជនសង្ស័យ បានដេីរសំដៅទៅជនរងគ្រោះ ដោយមានពាក់ស្នាប់ដៃ ជាប់នៅដៃខាងស្តាំ បានដើរមកក្បែរជនរងគ្រោះ រួចធ្វើសកម្មភាព ប្រើស្នាប់ដៃ នោះដាល់ទៅលើជនរងគ្រោះ ត្រូវចំក្បាលខាងក្រោយចំហៀង ខាងឆ្វេងមួយកន្លែង ត្រូវថ្គាមខាងស្តាំមួយកន្លែង បណ្តាលឱ្យជនរងគ្រោះដួលទៅលើដី សន្លប់បាត់ស្មារតី ។ហើយក៏ ត្រូវបានសាច់ញាតិ និងអ្នកជិតខាងជួយយករទេះ ដឹកផ្លែឈើសណ្តោងជាមួយម៉ូតូ ដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ស្ថិតនៅខណ្ឌទួលគោក តែដោយសារជនរងគ្រោះមានរបួសធ្ងន់ធ្ងរពេក ត្រូវបានគ្រូពេទ្យជួយសង្គ្រោះបន្ទាន់រហូត សមត្ថកិច្ចមិនអាចធ្វើការបំភ្លឺបានទេ ។ បន្ទាប់ពីជនសង្ស័យ ក៏បានបោះស្នាប់ដៃ ចូលទៅក្នុងទឹកស្រះ ហើយរត់គេចខ្លួនបាត់ ព្រោះជនសង្ស័យ ចោទជនរងគ្រោះថា បានលួចស្រាបៀរ របស់គេកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ ចំនួន២កំប៉ុង យកទៅផឹកអស់ តែជនរងគ្រោះប្រាប់ថា ពុំបានយកទេ ទើបជនសង្ស័យខឹង ក៏បានយកស្នាប់ដៃ មកវ៉ៃជនរងគ្រោះ តែម្តង ។ បន្ទាប់មកឈ្មោះ ថៃ ណេ ភេទស្រី អាយុ៣០ឆ្នាំ (ត្រូវជាបងស្រីជីដូនមួយ របស់ជនរងគ្រោះ) បានមកដាក់ពាក្យបណ្តឹង ចំឈ្មោះជនសង្ស័យ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ដើម្បីឱ្យសមត្ថកិច្ច ជួយស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ។

លុះដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង០៨និង៥០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន ត្រង់ចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិទួល សំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) ពិតជាបានប្រើស្នាប់ដៃវ៉ៃក្បាល និងថ្គាមជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរសន្លប់បាត់ស្មារតីប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្ត៕