អាសូរណាស់! លោកតាវ័យចំណាស់ម្នាក់ សង្ស័យវិលមុខធ្លាក់ពីលើទូក លង់ទឹកស្លាប់

0

ភ្នំពេញ៖ សាកសពបុរសវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញ នៅក្បែរទូករបស់ខ្លួន មិនដឹងមូលហេតុ នៅចំណុចអាង កណ្តោល ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ វេលាម៉ោង១២និង៥០នាទី ថ្ងៃត្រង់ ថ្ងៃទី២៨ខែតុលាឆ្នាំ២០២០ ។នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មាន ពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រឿង ពន្លក ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានអុំទូកម្នាក់ឯង ទៅច្រូតស្មៅឲ្យគោស៊ី នៅចំណុចអាងកណ្តោល ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

ប្រភពដដែលបានបញ្ជាក់ថា តាមសំដីរបស់ប្រជាពលរដ្ឋ នៅអាងកណ្តោល ក៏ដូចជាប្រជាពលរដ្ឋឈ្មោះ អឿន គំសត់ ភេទប្រុសអាយុ៣៨ឆ្នាំ ជាកសិករ បាននិយាយរៀបរាប់ថា មុនពេលជនរងគ្រោះស្លាប់ ពួកគាត់បានឃើញ ជនរងគ្រោះកំពុងច្រូតស្មៅម្នាក់ឯង នៅក្នុងអាង លុះរយៈពេល០១ម៉ោងក្រោយ ក៏ស្រាប់តែបាត់គាត់ ។

ដោយមានការសង្ស័យ ឈ្មោះ អឿន កំសត់ ដែលរាយសន្ទូចនៅក្បែរនោះ ក៏ស្រែកហៅមិត្តភ័ក្តិម្នាក់ទៀត ដើរទៅមើលក៏ឃើញជនរងគ្រោះ ឈរស្លាប់ទ្រោបជាប់ នឹងស្មៅក្បែរទូក បន្ទាប់មកក៏នាំគ្នា លើកសពដាក់លើទូក យកសពមកលើគោក ។

នគរបាលបានសន្និដ្ឋានថា ជនរងគ្រោះជាមនុស្សមានវ័យចំណាស់ ដូច្នេះអាចគាត់ធ្វើការហួស កម្លាំងខ្សល់គ បណ្តាលឲ្យលង់ទឹកស្លាប់ ។សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើតាមប្រពៃណី ។

គួរបញ្ជាក់ជូនថា នៅខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលនៃទឹកជំនន់មកទល់នឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បើយោងតាមរបាយការណ៍របស់សាលាខេត្តបានបង្ហាញថា មានប្រជាពលរដ្ឋលង់ទឹកស្លាប់ ចំនួន២៦នាក់ ។
បើគិតមកទល់នឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កើនម្នាក់ទៀតឡើងដល់ ចំនួន២៧នាក់ ដែលក្នុងនោះ ក្រុងសិរីសោភ័ណ ០៤នាក់, ក្រុងប៉ោយប៉ែត ចំនួន០៤នាក់,ស្រុកអូរជ្រៅចំនួន០២នាក់, ស្រុកស្វាយចេក ចំនួន០៣នាក់, ស្រុកព្រះនេត្រព្រះ ចំនួន០៣នាក់, ស្រុកថ្មពួកចំនួន០៣នាក់, ស្រុកភ្នំស្រុក០១នាក់, ស្រុកមង្គលបូរី០៣នាក់ និងស្រុកម៉ាឡៃ ចំនួន០៤នាក់ សរុបត្រឹមថ្ងៃទី២៨ខែតុលា ឆ្នាំ២០២០ មានចំនួន២៧នាក់ ៕