ព្រោះតែរឿងស្រា! ប្ដីទាញដំបងវាយប្រពន្ធកូន ប្អូនថ្លៃឃើញទាញកាំបិត កាប់របួសធ្ងន់

0

ភ្នំពេញ៖ ប្រើកូនទៅស្រាផឹក កូនមិនទៅ ទាញដំបងវាយកូន ពេលប្រពន្ធសួរនាំ ក៏ទាញដំបងវាយប្រពន្ធដួលទៀត ប្អូនថ្លៃឃើញក៏ទាញកាំបិតបុ័ងតោ កាប់រងរបួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ១១៖៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០​២០ នៅចំការម្លិះ នាភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

អ្នករងរបួសទី១ឈ្មោះ យាំ សេងលី ភេទប្រុស អាយុ៤០ឆ្នាំ។ ទី២ជាប្រពន្ទ យាំ សេងលី និងទី៣ជាកូន។ មូលហេតុដែលនាំឲ្យកើត ជាអំពើហឹង្សាក្នុងគ្រួសារនេះ គឺផ្តើមឡើងដោយជនរងគ្រោះ ឈ្មោះយាំ សេងលី បានប្រើកូនប្រុសឲ្យទៅទិញស្រា ​ប៉ុន្តែកូនប្រុសមិនទៅក៏ទាញ ដំបងវាយកូន។

ពេលនោះប្រពន្ធឃើញ ក៏សួរនាំ​ ធ្វើឲ្យឈ្មោះ យាំ សេងលី ​ទាញដំបងវាយប្រពន្ធចំ​ចង្កេះបណ្តាលឲ្យ​ដួល​។ ឃើញដូច្នេះឈ្មោះ ខាត់ ឌួក ភេទប្រុស អាយុ២០ឆ្នាំ ដែលត្រូវជាប្អូនថ្លៃ យាំ សេងលី ឃើញយាំ សេង​លី វាយក្មួយ និងបងស្រីនៅនឹងមុខបែបនេះ ក៏ទាញកាំបិតបុ័ងតោ កាប់ទៅលើ យាំ សេងលី ត្រូវចំសៀតថ្កា ខាងឆ្វេង និងក ដៃឆ្វេង រួចគេចខ្លួនបាត់។ បានមួយសន្ទុះនគរបាល ​ប៉ុស្តិ៍​ព្រែកថ្មី បានតាមចាប់​ខ្លួនជន​បង្ក​រួច​បញ្ជូន​អ្នក​រងគ្រោះ​ទៅ​ធ្វើការ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​បង្អែក ខណ្ឌ​ច្បារ​អំពៅ។ ចំណែក​ជនបង្កត្រូវ​ បញ្ជូន​ទៅ​តុលាការ ៕