ភ្នំពេញ៖ មានជនអនាថាម្នាក់ ដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ១០យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០។
បើតាមប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ៤ ទៅ៥ថ្ងៃ គេសង្កេតឃើញ ជនរងគ្រោះដើរចុះឡើងម្ដុំកន្លែងកើតហេតុ ដោយសំលៀកបំពាក់ចាស់ៗ ហើយមានសតិមិនសូវល្អ សង្ស័យជាជនអនាថាគ្មានទីពឹង ក្រោយមកក៏មិនឃើញគាត់ដើរ ឆ្លងកាត់ដូចសព្វដង។ បន្ទាប់មកក៏មានប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ បានធុំក្លិនស្អុយ ទើបដឹងថា ជនរងគ្រោះបានស្លាប់ទៅហើយ ក៏រាយការណ៍អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចឲ្យចុះមកពិនិត្យជាក់ស្ដែងតែម្ដង។
ក្រោយពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ទទួលបានដំណឹងនេះភ្លាម ក៏បានចុះមកដល់ហើយទាក់ទង ទៅជំនាញកោសល្យវិច័យ ឲ្យពិនិត្យបន្ថែមទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គ ឬគាំងបេះដូង ដោយខ្លួនឯងពុំមាន ពាក់ព័ន្ធករណីអត្តឃាត ឬឃាតកម្ម នោះទេ។ បន្ទាប់មកក៏ធ្វើឯកសារប្រគល់សព ឲ្យទៅខាងរថយន្តសង្គ្រោះ ដឹកយកតំកល់នៅវត្តទឹកថ្លា ដើម្បីបូជាតាមប្រពៃណី៕