ផឹកស៊ីទាស់សម្ដីគ្នា! បុរសម្នាក់ទាញកាំបិតចុងស្រួច ចាក់ភាគីម្ខាងទៀត ចំក្បាលពោះ

0

ភ្នំពេញ៖ បុរសពីរនាក់បានស៊ីផឹក ស្រវឹងដូចគ្នា បណ្ដាលអោយមាន ជម្លោះពាក្យសម្ដីគ្នាទៅវិញទៅមក ឈានដល់មានការផ្ទុះហិង្សា ដោយបុរសជាជនសង្ស័យ បានយកកាំបិតមុខស្រួច ចាក់ភាគីម្ខាងទៀត ១កាំបិតចំក្បាលពោះ ។
ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០.៣០នាទី នៅចំណុច ភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

យោងតាមស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហ៊ន នឿន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅ ភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ចំណែកជនសង្ស័យមាន ឈ្មោះហ៊ល ណាប់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានរបួសភ្នែកខាងស្ដាំ និង រលាត់ស្បែកក្បាលជង្គង់ខាងស្ដាំ (ឃាត់ខ្លួន)។

ជនរងគ្រោះត្រូវជនសង្ស័យចាក់១កាំបិត ចំក្បាលពោះ ។ វត្ថុតាងចាប់យក កាំបិតមុខស្រួច ដងជ័រចំនួន១ ។

ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បានអោយដឹងផងដែរថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ បានផឹកស្រាស្រវឹងដូចគ្នា ហើយបានឈ្លោះទាក់ពាក្យសម្ដីគ្នាទៅវិញទៅមក។ លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះបានដេកលើអង្រឹង ក្នុងតូបលក់ផ្លែឈើខាងមុខផ្ទះ ពេលនោះជនសង្ស័យ បានយកកាំបិតមុខស្រួច ទៅចាក់ជនរងគ្រោះ ចំក្បាលពោះមួយកាំបិត ហើយជនរងគ្រោះ ក្រោកឡើងក៏ បានវាយប្រតាយប្រតប់គ្នា ទៅវិញទៅមក បន្ទាប់មកជនរងគ្រោះ បានគេចខ្លួនចេញ ទៅមណ្ឌលសុខភាពឃុំ ដើម្បីព្យាបាលរបួសទៅ ។

សូមរំលឹកថា កន្លងមកជនសង្ស័យ និងជនរងគ្រោះ ធ្លាប់ មានជម្លោះគ្នាជាច្រើនលើក មកហើយតែមិនដែលប្ដឹង ផ្ដល់គ្នាឡើយ។

ចំពោះករណីនេះ កម្លាំងជំនាញកំពុងបន្ត ចាត់ការតាមនីតិវិធីច្បាប់៕