ភ្នំពេញ៖ ជនមិនស្គាល់អត្ដសញ្ញាណម្នាក់ បើកបររថយន្តស៊េរីទំនើបមួយគ្រឿង ដែលគេសង្ស័យថាជាករណីខឹង អ្នករត់កង់បី ក៏ដកកាំភ្លើងខ្លី បាញ់រះ ទៅលើកង់បីនោះ ជាច្រើនគ្រាប់ បណ្តាលឲ្យត្រូវ ១ គ្រាប់។ តែ សំណាងល្អ គ្រាប់កាំភ្លើងមិនបានហោះ ទៅត្រូវមនុស្សនោះទេ ហើយក្រោយកើតហេតុ ខ្មាន់កាំភ្លើង បានបើករថយន្តគេចខ្លួនបាត់។
ករណីបាញ់រះ យ៉ាងសាហាវ ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០ វេលា ម៉ោង ១០ និង ០០ នាទី នៅត្រង់ចំណុចមុខសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ ២៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេ ឃើញ បុរសម្នាក់ជា អ្នកបើកកង់បី ពណ៌លឿងមួយគ្រឿង និងរថយន្តស៊េរីទំនើបពណ៌ស មួយគ្រឿង មិនចាំស្លាកលេខ បានធ្វើ ដំណើរ ចុះ ពីស្ពានអាកាស ៧ មករា ទិសដៅ ពីលិចទៅ កើត ស្របទិសគ្នា។ លុះ មកដល់ចំណុចកើតហេតុខាងលើ មិនដឹងថា មានទំនាស់គ្នា រឿងអ្វីនោះ ទេ ខណៈ កង់បីបើកខាងមុខរថយន្ត នៅ ខាងក្រោយ បញ្ឆិតគ្នាស្រាប់តែ ខ្មាន់កាំភ្លើង ដែលជិះ រថយន្តស៊េរីទំនើបនោះ បើកកញ្ចក់ដកកាំភ្លើងខ្លី បាញ់រះ ទៅលើ អ្នកបើកកង់បី ចំនួន ៥ គ្រាប់តែម្តង។
ការរៀបរាប់ពីម្ចាស់កង់បី មិនបានប្រាប់ពីមូលហេតុអ្វីឲ្យពិតប្រាកដ ជុំវិញបញ្ហា នេះ ទេ ដោយគ្រាន់តែ ប្រាប់ថា ខ្មាន់កាំភ្លើងជិះ រថយន្តម៉ាក រ៉ូលរ៉យ ពណ៌ស ពាក់ស្លាកលេខកម្ពុជា ។ ម្ចាស់កង់បីមិនបានទៅ ដាក់ពាក្យបណ្ដឹង នៅ ប៉ុស្តិ៍ នគរបាលនោះ ទេ។ តែ ក្នុងហេតុការណ៍នេះ គេ ក៏បានឃើញកម្លាំង មានសមត្ថកិច្ចចុះ មកពិនិត្យ និងធ្វើ ការសួរនាំនៅ នឹងកន្លែង កើតហេតុ ផងដែរ ដើម្បីងាយស្រួលធ្វើការស្រាវជ្រាវ រក ជនបង្កយកមកផ្ដន្ទាទោសទៅតាម ផ្លូវច្បាប់ ៕