ថ្លើមធំមែន! មណ្ឌលកំសាន្តអធិរាជ នៅបន្តបើកល្បែងស៊ីសង ហ្គេមបាញ់ត្រីខុសច្បាប់ ទោះបីធ្លាប់សមត្ថកិច្ចចុះបង្ក្រាប (Video)

0

ភ្នំពេញ៖ តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានអោយដឹងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នេះ ថា «មណ្ឌលកំសាន្តអធិរាជ» មានទីតាំងស្ថិតនៅជាប់ផ្លូវលេខ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបន្តបើកល្បែងស៊ីសង ហ្គេមបាញ់ត្រី ខុសច្បាប់២៤ម៉ោងលើ២៤ម៉ោង ដដែល ទោះបីជាសមត្ថកិច្ច ធ្លាប់ចុះបង្ក្រាបក៏ដោយ ។

កាលដែលសមត្ថកិច្ចធ្លាប់ចុះបង្ក្រាប ហើយ បែរជាអាចបើកដំណើរការ ឡើងវិញនេះ មិនដឹងថា មូលហេតុអ្វីឡើយ ? ។

ព័ត៌មានពីប្រជាពលរដ្ឋ បង្ហើបអោយដឹងថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ទាំងនេះ កំពុងបើកដំណើរការយ៉ាងរលូន ដោយទទួលបានអតិថិជន ភាគច្រើនជាក្រុមអ្នកញៀនល្បែង ក៏ដូចជា ក្រុមជនសង្ស័យនាំគ្នាមកពួនសម្ងំ ពពាក់ពពូនគ្នាលេងយ៉ាងរំភើយ ហើយអាចជាកន្លែងសម្រាប់ការលាក់ខ្លួនប្រើប្រាស់ថ្នាំញៀនទៀតផង ។

ពលរដ្ឋ បន្តថា បើសមត្ថកិច្ចមិនបង្ក្រាបអោយទាន់ពេលវេលា ទេ បទល្មើសលួចឆក់ប្លន់ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ច្បាស់ជាកើនឡើងជាក់ជាមិនឃើញ ។

កន្លងមកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាអោយសមត្ថកិច្ចទាំង១៤ខណ្ឌ ធ្វើយ៉ាងណាត្រូវតែចុះបង្ក្រាបរាល់បទល្មើសផ្សេងៗ ជាពិសេស ល្បែងស៊ីសងហ្គេមបាញ់ត្រីនេះ ។

បញ្ហានេះ សង្ឃឹមថា លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏ដូចជាលោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន មេត្តាជួយចុះទៅបង្រ្កាបទីតាំងល្បែងហ្គេមបាញ់ត្រីទាំងនោះ ផង ៕