​មន្ត្រីជាប់​កិច្ចសន្យា​ម្នាក់ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា តែ​មិនសម្រេច

0

ភ្នំពេញ៖​ បុរសម្នាក់បានលោតទឹក​ពីលើ​ស្ពានជ្រោយចង្វា ប៉ុនប៉ងសម្លាប់ខ្លួន​តែ​មិនបានសម្រេច បង្កការភ្ញាក់ផ្អើល​កាលពីវេលា​ម៉ោង១២ និង៥នាទី ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ ២០២០ ​​​។

ប្រភពពីកន្លែងកើត​ហេតុបានឱ្យដឹងថា នៅ​មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានជិះម៉ូតូ​ឡើងស្ពានជ្រោយចង្វា ពីលិចទៅកើត លុះដល់​កណ្ដាលស្ពាន បានឈប់ម៉ូតូ ដោយបន្សល់ទុកអាវពន្លឺ​មួយនៅលើម៉ូតូ រួចក៏លោតទឹកសម្លាប់ខ្លួនពីលើ​ស្ពាន ចូលទៅក្នុងទន្លេ តែភ្លាមៗនោះក៏ផ្អើ​លដល់ប្រជា​នេសាទ​ចេញទូកទៅជួយ សង្គ្រោះទាន់ពេល​។

សមត្ថកិច្ច រកឃើញកាតមួយសន្លឹកមានឈ្មោះ នុត ចាន់ឌឿន អាយុ៣៣ឆ្នាំ ជា​មន្ត្រីជាប់កិច្ចសន្យា​នៃ​មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ​ស្នាក់នៅផ្ទះ៣១អឺ០ហ្សិត ផ្លូវ២៤៧ ភូមិ១៥​ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធា​នីភ្នំពេញ និងម៉ូតូមួយគ្រឿង ម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BV 0052។

ជនរងគ្រោះត្រូវបានសមត្ថកិច្ច យកទៅសួរនាំ មុនប្រគល់ឱ្យក្រុមគ្រួសារ យកត្រឡប់ទៅផ្ទះវិញ ៕