ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ នៅថ្ងៃទី២៣ ខែតុលា ត្រូវបាននគរបាលស្រុកសំបូរ ចាប់វាយខ្នោះ ក្រោយប្រទះឃើញ សកម្មភាពលួច បាញ់សត្វគោរបស់អ្នកភូមិ យកមកភ្លាស់ដាក់បាវ យកមកលក់ដោយបន្លំថា ជាសាច់សត្វទន្សោង ។
យោងតាមអធិការដ្ឋាននគរបាលស្រុកសំបូរ បានឱ្យដឹងថា ជនសង្ស័យចំនួន ៤នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌ ស្រុកសំបូរ ស្រាវជ្រាវចាប់ខ្លួនពាក់ព័ន្ឋ និងករណីរក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ សម្រាប់ធ្វើសកម្មភាព បាញ់គោប្រជាពលរដ្ឋ យកមកភ្លាស់សាច់លក់ ។
នគរបាលស្រុកសំបូរ បានឱ្យដឹងបន្ថែមថា ពួជនសង្ស័យទាំង៤នាក់ មានទីលំនៅក្នុងឃុំរលួស និងឃុំស្រែជិះ ស្រុកសំបូរ។ ក្នុងនោះមានម្នាក់ ឈ្មោះផេង ភ្លា អាយុ៤៣ឆ្នាំ (ជាម្ចាស់អាវុធធុន AK47 មួយដើមមានគ្រាប់ចំនួន ១២គ្រាប់)។ កន្លងមកក្រុមជនទាំងនេះ តែងតែដើរធ្វើសកម្មភាពលួចបាញ់ គោរបស់អ្នកស្រុក យកមកលក់ដោយបន្លំថា ជាសាច់សត្វព្រៃ៕