ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនបងប្អូនប្រជាពលរដ្ឋ សូមមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ ក្នុងប្រអប់សារ ផេកហ្វេសប៊ុក ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល មានខ្លឹមសារថា «កូនរបស់យាយខ្ញុំ ជាមនុស្សញៀនថ្នាំ ហើយតែងតែរករឿងទារលុយពីម្ដាយចាស់ជរា និងវាយបំផ្លាញរបស់របរ ក្នុងផ្ទះជានិច្ច ហើយគំរាមសម្លាប់ជាហូរហែ។ ជាក់ស្ដែងនៅព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ គឺគាត់បានគំរាមទារលុយ ហើយខាងក្មួយបានប្ដឹង ទៅខាងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកថ្មី និងខាងជំនាញរួចហើយ តែពេលគាត់មកពុំចាប់យកទៅទេ ទីតាំងផ្ទះលោកយាយ ខុន ខេន នៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ» ។
ក្រោយពីបាន ទទួលព័ត៌មានខាងលើ នៅវេលាម៉ោង៧និង០០នាទីកម្លាំងប៉ុស្ដិ៍ព្រែកថ្មី សហការជាមួយកម្លាំងជំនាញផ្នែក នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានចុះធ្វើអន្ដរាគមន៍ លើករណីហិង្សាក្នុងគ្រួសារ (វាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ) ដែលបង្កឡើងដោយឈ្មោះ ស៊ុ ម៉េងគ្រី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល រុះរើរោងបាយក្រោមផ្ទះ និងកាប់បំផ្លាញជញ្ជាំងផ្ទះ របស់ឈ្មោះ ខុន ខេន ភេទស្រី អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ (ត្រូវជាម្ដាយបង្កើត) រស់នៅផ្ទះ ភូមិ-ឃុំជាមួយគ្នា ។
ពេលសមត្ថកិច្ចបានចុះទៅដល់ រកចាប់ខ្លួនជនបង្ក តែត្រូវបានឈ្មោះ ខុន ខេន (ត្រូវជាម្ដាយជនសង្ស័យ) បានសំណូមពរដល់សមត្ថកិច្ច ឱ្យជួយអប់រំណែនាំ និងកិច្ចសន្យា កូនរបស់ខ្លួនម្ដងសិន បើជនសង្ស័យ(ស៊ុ ម៉េងគ្រី) បង្ករឿង ឬប្រើអំពើហិង្សា ទៅថ្ងៃក្រោយទៀត នឹងឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
បន្ទាប់ពីសមត្ថកិច្ចធ្វើការអប់រំ និងកិច្ចសន្យានៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី រួចត្រឡប់ទៅដល់ផ្ទះវិញ នៅរសៀលថ្ងៃដដែលជនបង្កខាងលើ មិនព្រមរាងចាល បានយកភ្លើងដុតខោចោល នៅក្រោមផ្ទះ និងយកកំប៉ុងហ្គាស(គ្មានហ្គាស) ចងផ្អោបទៅនឹងដបប្រេងឆា(គ្មានប្រេង) តែមានទឹកនៅក្នុងដប យកមកគម្រាមដុតផ្ទះ ដើម្បីបំភ័យម្តាយ និងបងប្រុស ។
ដោយពិនិត្យឃើញជនបង្ក ជាកូនមិនរាងចាល ម្តាយបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី តែម្តង។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី សហការជាមួយកម្លាំង ជំនាញស្រុកចុះឃាត់ខ្លួនជនបង្កឈ្មោះ (ស៊ុ ម៉េងគ្រី) រួមជាមួយវត្ថុតាង មកកាន់អធិការដ្ឋាន នគរបាលស្រុកកោះធំ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕