សោកស្ដាយ! ឃាតកតាមផ្លូវ សម្លាប់យុវជនដ៏ក្លាហាន ជំនាញដោះមីនម្នាក់ នៅស្រុកបាគង

0

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០២០​ នៅឃុំត្រពាំងធំ​ ស្រុកបាគង​ ខេត្តសៀមរាប​ ឃាតករតាមដងផ្លូវ ​(គ្រោះថ្នាក់ចរាចរណ៍) បានសម្លាប់យុវជនដ៍ក្លាហានមួយរូប​ជាមន្ត្រីជំនាញកំចាត់មីន នៃអង្គភាពស៊ីម៉ាក់ឈ្មោះ ស៊ា​ គឹមសៀង ។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី២៦ តុលានេះថា ចន្លោះឆ្នាំឆ្នាំ១៩៩៣​-១៩៩៨ គ្រាប់មីននិងសំណល់ជាតិផ្ទុះ ពីសង្គ្រាមបានសម្លាប់ និងធ្វើឱ្យរងរបួសប្រជាជនកម្ពុជា ប្រមាណជាង ៤.០០០នាក់​ ក្នុងមួយឆ្នាំៗ​ ដែលក្លាយជាឃាតកលេខ១ នៅកម្ពុជា​ បើទោះបីជា​ ការបោះឆ្នោតកើតឡើងនៅឆ្នាំ១៩៩៣ ក៏ដោយតែសង្គ្រាមនៅតែ បន្តរហូតចុងឆ្នាំ១៩៩៨​ ។ អង្គភាពស៊ីម៉ាក់ ជាកំលាំងស្នូលនៃការកំចាត់ឃាតករនេះ ដែលធ្វើឱ្យជនរងគ្រោះធ្លាក់ចុះ មានចំនួនតិចជាង ១០០នាក់ក្នុងមួយឆ្នាំៗ​ (២០១៩)។

លោកបន្តថា បច្ចុប្បន្ននេះ​ ដោយសារភាពរីកចម្រើន ខាងមធ្យោបាយដឹកជញ្ជូន​ និងការអភិវឌ្ឍេហេដ្ឋារចនាសម្ពន្ធ័​នោះ​ ឃាតករតាមដងផ្លូវ​ (ចរាចរណ៍)​ បានក្លាយយមរាជលេខ១វិញម្តង​ ក្នុងការឆក់យកជីវិតប្រជាជនកម្ពុជា ។

លោក ហេង រតនា ក៏បានអំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់គ្នា​ ចូលរួមគោរពច្បាប់ចរាចរណ៍​ ដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នករួមដំណើរលើដងផ្លូវផង ។

ជាមួយគ្នានោះលោកបន្ថែមថា អង្គភាពពិតជាមានការសោកស្តាយណាស់ចំ ពោះការបាត់បង់ធនធានមនុស្ស ជាអ្នកបន្តវេននេះ​ និងសូមចូលរួមសោកស្តាយបំផុត ជាមួយគ្រួសារសពនិង​សូមវិញ្ញាណខន្ត​ ស៊ា​ គឹមសៀង​ បានទៅកាន់ទីសុខន្តិភពកុំបីឃ្លៀងឃ្លាតឡើយ ៕