ភ្នំពេញ៖ ស្ថិតក្នុងព្រះរាជហឫទ័យ ខ្វល់ខ្វាយជានិច្ចអំពីបញ្ហាគ្រោះទឹកជំនន់ ដែលកំពុងកើតមានតាមបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជហឫទ័យទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្ត នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ ក្រុមមន្រ្តី នៃក្រសួងព្រះបរមរាជវាំង នាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ជាព្រះរាជទានរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយ គ្រោះទឹកជំនន់ដើម្បីសម្រាលទុក្ខលំបាក ចំនួន ១១៥៣ គ្រួសារ (ឃុំយាងចំនួន ៥៨៨ គ្រួសារ និងឃុំសសរស្តម្ភ ចំនួន ៥៦៥) ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប ។
ក្នុងនោះគ្រួសារនីមួយៗទទួលបាន អង្ករ ៥០គីឡូ មី ១កេស ឃីត ១កញ្ចប់ (មុង១ ក្រមា១ សារុង១ ភួយ១) ត្រីខ ១០កំប៉ុង កៅស៊ូតង់ចំនួន ១ សាប៊ូដុំ ចំនួន ៥ដុំ អាវយឺតស្លាកព្រះរាជអំណោយ១ និងថរិកា ៤០ម៉ឺនរៀល។



