ភ្នំពេញ៖ ពលរដ្ឋភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង មានសេចក្ដីត្រេកអរ និងសូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលដែលតែងតែ យកចិត្តទុកដាក់ ពីសុខទុក្ខ របស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា ជាពិសេសបានផ្ដល់ជូនអំណោយ ដើម្បីទប់ទល់ផលលំបាក ក្នុងគ្រាមានជំនន់ទឹកភ្លៀងនេះ ។
ពលរដ្ឋម្នាក់ឈ្មោះ លោកស្រី សែម ស៊ុច ដែលទទួលបានអំណោយ ដែលរស់នៅ ភូមិអ្នកតាទ្វា បានថ្លែងថា ” គាត់ពិតជាសប្បាយចិត្ដ ខ្លាំងណាស់ដែលរាជរដ្ឋាភិបាលបាន ផ្ដល់អំណោយមួយចំនួននេះ ដើម្បីបន្ធូរបន្ថយការលំបាក បានមួយគ្រា ” ។
លោកស្រីបាន បន្តទៀតថា ” ទម្រាំធាតុអាកាស អំណោយផលអាច ចេញប្រកបរបរចិញ្ចឹមជីវិតវិញបានគឺបានអំណោយឧបត្ថមនេះហើយដែលគ្រាន់នឹងទប់ទល់ ” ។
ចំណែកលោកយាយឈ្មោះ ព្រំ អ៊ុត រស់នៅភូមិជាមួយគ្នាក៏បានឲ្យដឹងថា ” ជីវភាពគ្រួសាររបស់គាត់ ពិតជាពិបាកណាស់ រាល់ថ្ងៃនៅជាមួយចៅ ៦នាក់ ដែលប្រកបរបរ រកខ្ចង រុកព្រៃរកឃ្មុំ ដើម្បីមកលក់ ដើម្បីចឹញ្ចឹមចៅ តែដោយសារជំនន់ទឹកភ្លៀង និងធាតុអាកាស មិនល្អ មិនអាចចេញរកអ្វីបានឡើយ “។
លោកយាយបានបន្តថា ” លោកយាយពិតជាអគុណខ្លាំងណាស់ ដែលរាជរដ្ឋាភិបាល តែងតែឈឺឆ្អាលគិតគួ ពីសុខទុក្ខរបស់ពលរដ្ឋ គ្រប់ពេលវេលា ដោយបានផ្ដល់អំណោយ ឲ្យលោកយាយក្នុងគ្រានេះ ដើម្បីកាត់បន្ថយការលំបាក បានមួយគ្រា មានទឹកជំនន់នេះ ” ។
ពលរដ្ឋរស់នៅ ភូមិអ្នកតាទ្វា ជាង៤០០ គ្រួសារសូមថ្លែងអណរអគុណដល់រាជរដ្ឋាភិបាល ជាខ្លាំងចំពោះអំណោយក្នុងគ្រាលំបាកនេះ ។ ពលរដ្ឋទាំងអស់ពិតជាសប្បាយចិត្ដជាពន់ពេក ដែលរាជរដ្ឋាភិបាល តែងតែឈឺឆ្អាលគ្រប់បញ្ហា គ្រប់ពេលវេលារបស់ពលរដ្ឋ ។
គួបញ្ជាក់ថា៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោក ប៊ុនយ៉ៃ ណារិន ប្រធានក្រុមការងារថ្នាក់ជាតិ អមដំណើរដោយ លោក ទេព ហន គណៈអភិបាលស្រុកមោងឬស្សី លោក ពេជ្រ ម៉ាឡៃ ប្រធានក្រុមប្រឹក្សា ស្រុកមោងឬស្សី និងក្រុមការងារ បានចុះផ្ដល់អំណោយជូន ដល់ពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងក្នុងភូមិអ្នកតាទ្វា ឃុំឫស្សីក្រាំង ស្រុកមោងឬស្សី ដែលការផ្ដល់ជូនអំណោយត្រង់ចំនុចភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
គួរឲ្យដឹងផងដែរថាអំណោយ ដែលបានផ្ដល់ជូនពលរដ្ឋ រួមមាន៖ អង្ករ មីទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ ៕