ស្រ្តីខ្មែរ ដែលរស់នៅរងការធ្វើបាបជាង ២ឆ្នាំ នៅប្រទេសចិន បានមកដល់ស្រុកខ្មែរវិញហេីយ

0

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ពលការិនីម្នាក់ដែលបាន ធ្វើវីដេអូឃ្លីបបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ខ្លួនត្រូវបានមេខ្យល់ឆបោកឲ្យទៅធ្វើការងារនៅឯប្រទេសចិន អស់ជាងពីរឆ្នាំដោយរស់រងទុក្ខលំបាក និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ ឥឡូវបានត្រឡប់មកដល់កម្ពុជាវិញ ដោយសុវត្ថិភាពហើយ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានជំនាញ បានទទួលព័ត៌មាន ពីក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីព័ត៌មានលើគណនីហ្វេសប៊ុក ឈ្មោះ រីណា រីណា ដែលបានបង្ហោះ ជាឃ្លីបវីដេអូរយៈពេល១នាទី និង៤៩វិនាទី អះអាងថានាងត្រូវចាញ់បោក មេខ្យល់ ទៅប្រទេសចិន និងស្នើសុំឲ្យជួយសង្គ្រោះ និងបញ្ជូននាងត្រឡប់មកកម្ពុជាវិញ។

អនុវត្តបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងសេនាធិការ និងមតិចង្អុលដឹកនាំ ពីលោកអគ្គស្នងការរងទទួលផែនយុត្តិធម៌ នាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាត់មន្ត្រីជំនាញចូលទំនាក់ទំនង ក្នុងគណនីហ្វេសប៊ុកឈ្មោះ រីណា រីណា ដោយស្នើសុំផ្ដល់ព័ត៌មាន អំពីអាសយដ្ឋាន ដែលនាងកំពុងស្នាក់នៅ ប្រទេសចិន និងសាច់ញាតិ លេខទូរស័ព្ទទំនាក់ទំនង នៅប្រទេសកម្ពុជា និងដោយទទួលបាន កិច្ចសហការល្អបំផុត ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លេខាធិការដ្ឋាន ក្រុមការងារសហប្រតិបត្តិ ការមេគង្គឡានឆាង និងអង្គភាពពាក់ព័ន្ធ ធ្វើការស្រាវជ្រាវ ទើបដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបាន ផ្ដល់ព័ត៌មានមកថា ស្ថានអគ្គកុងស៊ុល នៃព្រះរាជណាចក្រកម្ពុជា ប្រចាំទីក្រុងសៀងហៃ បានធ្វើកិច្ចសហការជាមួយ សមត្ថកិច្ចចិន ជួយសង្គ្រោះម្ចាស់គណនីយហ្វេសប៊ុក ឈ្មោះ រីណា រីណា បានហើយនៅខេត្តជីជាំង ប្រទេសចិន ដែលមានឈ្មោះពិតគឺ សែម ស្រីពេជ្រ ( SEM SREY PHECH) កើតថ្ងៃទី ១៦/០៥/១៩៩៤ មានស្រុកកំណើតនៅភូមិល្វាត្បូង ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម៕

សូមបញ្ជាក់ផងដែរថា ដោយសារសាច់ញាតិនារីរងគ្រោះបានផ្លាស់ប្តូរទីលំនៅ ពីខេត្តកំពង់ចាម ទៅនៅឯអន្លង់វែង និងដោយមានសំណូមពរ ពីក្រុមគ្រួសារគាត់ផងនោះ សមត្ថកិច្ចបានអនុញ្ញាតឲ្យ នារីរងគ្រោះទៅបន្តអនុវត្តវិធានចត្តាឡីស័ក្តិនៅមណ្ឌលសុខភាពអន្កងវែង ។

ដោយឡែក នាយកដ្ឋានការជួញដូរមនុស្ស និងការពារអនីតិជន កំពុងធ្វើកិច្ចសហប្រតិបត្តិការ បន្តជាមួយក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លើករណីនារីរងគ្រោះខាងលើ និងបន្តធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណមេខ្យល់ដែលបាន ប្រព្រឹត្តអំពើឆបោកលើនារីរងគ្រោះខាងលើ ដើម្បីឈានដល់ការនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ៕