ភ្នំពេញ៖ លោក ដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា វិនិយោគិនចិនចង់យំក៏មិនចេញ ព្រោះអស់ដីជាច្រើនរយហិកតា ខាតបង់លុយជាច្រើនលានដុល្លាអាមេរិក ក្រោយមានមន្ត្រីយោធាម្នាក់ ឈូសឆាយយកដីគាត់នៅខេត្តកំពត ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាលខ្លួន នៅយប់រំលងអាធ្រាត្រ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក ដួង តារា បានបង្ហោះសារថា «ករណីអ្នកវិនិយោគចិនយំអត់ចេញ! ក្រុមហ៊ុនចិនមួយនេះ បានទទួលការអនុញ្ញាត្តិអោយវិនិយោគ តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពត ស្របតាមគោលនយោបាយ ខ្សែរក្រវ៉ាត់មួយផ្លូវមួយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ។ តាមការរៀបរាប់ជំហ៊ានដំបូង គឺតំណាងក្រុមហ៊ុនបានរៀបចំទិញដី បានជាច្រើនរយហិកតានៅ ខេត្តកំពត ដោយបានចំណាយប្រាក់អស់ រាប់សិបលានដុល្លាអាមេរិក ប៉ុន្តែ ក្រោយមកក៏មានមន្រ្តីជាទាហានម្នាក់ បានឈូសឆាយយកដីគាត់។ ពេលនេះភាគីចិនយំក៏មិនចេញ ព្រោះអស់ដីជាច្រើនរយហិកតា ខាតបង់លុយជាច្រើនលានដុល្លាអាមេរិក ហើយលុយដែលយកមកទិញដីនេះ គឺជាលុយក្រុមហ៊ុនរដ្ឋចិន។ បើយកដីមិនបានវិញទេ ពេលវិលទៅចិនវិញ គឺប្រឈមនឹងជាប់គុកទៀផង។ ពេលនេះគាត់បានមកជូបខ្ញុំហើយ ខ្ញុំកំពុងពិនិត្យករណីមួយនេះ ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង» ៕


