ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញចំណុចសំខាន់ ៥ចំណុច អីពីតម្លៃនិងសុពលភាពគតិយុត្ត នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។
ខាងក្រោមនេះជាចំណុចទាំង ៥ ដែលលោក ជិន ម៉ាលីន បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី២៣ តុលានេះ៖
១. កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានគោលដៅបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងរៀបចំនូវយន្តការច្បាប់ និងស្ថាប័នបណ្តោះអាសន្នមួយផងដែរ ក្នុងការគ្រប់គ្រងប្រទេសក្នុងសម័យអន្តរកាល ពី១៩៩១ដល់១៩៩៣ មុនពេលកម្ពុជាមានរដ្ឋាភិបាលចម្រុះ និងរដ្ឋធម្មនុញ្ញក្នុងការដឹកនាំប្រទេស
២. ក្រោយពេលរដ្ឋាភិបាលចម្រុះ និងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានបង្កើតនិងរៀបចំចប់សព្វគ្រប់ ដើម្បីដឹកនាំប្រទេស នោះសម័យអន្តរកាលត្រូវបានបញ្ចប់ ហើយកិច្ចព្រមព្រៀងប៉ារីស ក៏ត្រូវអស់សុពលភាពផងដែរ។ ដូច្នេះ រដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ មិនមានភាពចាំបាច់ឬកតព្វកិច្ចក្នុងការគោរព និងអនុវត្តកិច្ចព្រមព្រៀងប៉ារីសនេះទេ តែត្រូវគោរពនិងអនុវត្តតាមស្មារតី នៃរដ្ឋធម្មនុញ្ញកម្ពុជាវិញ ដែលជាច្បាប់កំពូលហើយគោលការណ៍គ្រឹះ ប្រជាធិបតេយ្យក្នុងការ ដឹកនាំប្រទេសទាំងប៉ុន្មាន ដែលមានចែងក្នុងកិច្ចព្រមព្រៀងប៉ារីស ក៏ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ រួចអស់ហើយដែរ
៣. ស្មារតីនៃកិច្ចព្រមព្រៀងប៉ារីស អំពីការបញ្ចប់សង្រ្គាមនៅកម្ពុជា មិនត្រូវបានអនុវត្ត និងគោរពឱ្យបានពេញលិញនោះទេ ហើយក៏មិនបាននាំមកនូវសន្តិភាព ពេញលេញពិតប្រាកដជូនកម្ពុជានោះដែរ ព្រោះថាភាគីខ្មែរក្រហមមិនបាន គោរពតាមកិច្ចព្រមព្រៀងនេះទេ មិនចូលរួមក្នុងការបោះឆ្នោត ហើយនៅតែបន្តធ្វើសង្រ្គាម រហូតដល់ឆ្នាំ១៩៩៨ ទើបកម្ពុជាទទួលបានសន្តិភាពពេញលេញ និងពិតប្រាកដទូទាំងផ្ទៃប្រទេស ដោយនយោបាយឈ្នះៗរបស់សម្តេចតេជោ
៤. គោលការណ៍ប្រជាធិបតេយ្យ ក្នុងកិច្ចព្រមព្រៀងប៉ារីសដែល បញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ត្រូវបានគោរពនិងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន ដែលរួមមានដូចជា គោលការណ៍សិទ្ធិសេរីភាព គោលការណ៍អធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី គោលការណ៍នៃការបោះឆ្នោតតាម បែបប្រជាធិបតេយ្យសេរីពហុបក្ស របបនយោបាយរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋជាដើម។ល។ ការភ្ជាប់ទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយរដ្ឋបរទេសណាមួយនោះ មិនមានន័យថា កម្ពុជាបាត់បង់នូវអធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួននោះទេ។ ចំណែកឯវិធានការច្បាប់ចំពោះ បក្សនយោបាយដែលបំពានច្បាប់ និងក្រុមសកម្មជនដែលប្រព្រឹត្តបទល្មើស ក៏មិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពផ្នែកនយោបាយនោះដែរ ពោលគឺការធ្វើសកម្មភាពបំពានច្បាប់ ប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដ៏ទៃ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម មិនមែនជាការអនុវត្តសិទ្ធិក្នុង សង្គមប្រជាធិបតេយ្យនោះឡើយ តែជាបទល្មើស ដែលអ្នប្រព្រឹត្តត្រូវទទួលខុសត្រូវ តាមផ្លូវច្បាប់ដែលមានជាធរមាន
៥. ក្រុមអង្គការសង្គមស៊ីវីល និងក្រុមសកម្មជនប្រឆាំងមួយចំនួន ដែលមានគម្រោងប្រមូលផ្តុំគ្នាធ្វើការតវ៉ា និងទាមទាឱ្យរដ្ឋាភិបាលគោរព កិច្ចព្រមព្រៀងប៉ារីសនៅថ្ងៃ២៣ តុលា នេះ តាមការរៀបចំរបស់អង្គការចលនា ចាត់តាំងខុសច្បាប់ពីខាងក្រៅប្រទេស នឹងមិនទទួលបានការស្វាគមន៍ ពីមហាជននោះទេ ព្រោះពេលនេះពលរដ្ឋកំពុងរងគ្រោះ ដោយទឹកជំនន់ហើយត្រូវការជំនួយ សង្រ្គោះបន្ទាន់ពីគ្រប់ភាគីទាំងអស់។ ដូច្នេះ ប្រសិនបើក្រុមអង្គការសង្គមស៊ីវីលទាំងនេះ ប្រមូលផ្តុំនិងសហការគ្នាជួយ ដល់ពលរដ្ឋដែលកំពុងតែ រងគ្រោះដោយទឹកជំនន់វិញ ប្រហែលជាប្រសើរ និងមានប្រយោជន៍ដល់សង្គមជាង ជាជាងការធ្វើសកម្មភាពប្រមូលផ្តុំ បែបអនាធិបតេយ្យបែបនេះ ដែលអាចបង្កភាពចលាចល និងអសន្តិសុខដល់សង្គម ៕