មិននិយាយរកគ្នាជាង ៣ខែ មកឃើញប្រពន្ធខ្លួន អង្គុយផឹកស៊ីសប្បាយ ទាញកាំបិតកាប់អ្នកផឹកជាមួយប្រពន្ធ ៤កាំបិត

0

ភ្នំពេញ៖​ នគរបាល​ស្រុក​ មុខកំពូល​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ ចាត់ការ​តាម​ច្បាប់​ ករណី​ហិង្សា​ដោយ​ចេតនា​ កាលពី​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២១​និង​០០​នាទី​ ចំណុច​ក្រោមផ្ទះ​ជនសង្ស័យ​ ភូមិ​ឈើទាល​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ ។​

មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ឡា​ ណា​រិ​ទ្ធិ​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ ​មាន​ទីលំនៅ​ ភូមិ​ឈើទាល​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ ។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ ចិត្ត​ ខ្ចៅ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ បើកបរ​រថយន្ត​ មាន​ទីលំនៅ​ភូមិ​ប្រ​បឹង​ ឃុំ​ស្ដើង​ជ័យ​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​។​ ចំណែក​វត្ថុ​តាង​ដកហូត​បាន​មាន​ កាំបិតប៉័ងតោ​ដង​ឈើ​ចំនួន​ ១(​របស់​ជនសង្ស័យ​) ​។​

ប្រភព​ដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​ ៥ជាងរសៀល​ ជន​រង​គ្រោះ​បាន​ផឹកស្រា​បៀ​នៅផ្ទះ​របស់​ឈ្មោះ​ សៃ​ សាំង​ ជាមួយ​ប្រពន្ធ​ជនសង្ស័យ​ រួម​ទាំង​ស្ត្រី​ម្នាក់​ទៀត​ជា​ប្រពន្ធ​ម្ចាស់ផ្ទះ​ផង​ដែរ​។​ បន្ទាប់​ពី​ផឹក​នៅផ្ទះ​របស់​ឈ្មោះ​ សៃ​.​សាំង​រួច​ ជន​រង​គ្រោះ​ ក៏​បាន​ផឹក​នៅផ្ទះ​ជនសង្ស័យ​ បន្ត​ទៀត​ជាមួយ​ប្រពន្ធ​ជនសង្ស័យ​ រួម​ទាំង​ស្ត្រី​ម្នាក់​ដែល​ផឹក​ជាមួយ​គ្នា​ទៀត​ផង​ដែរ​ ។​

រហូត​មក​ដល់​វេលា​ម៉ោង​២១​ ជនសង្ស័យ​បាន​មាន​ទាស់​ ពាក្យ​សម្ដី​ជាមួយ​ប្រពន្ធ​ ព្រោះ​មាន​ទំនាស់​គ្នា​មិន​និយាយ​ស្តី​រកគ្នា​ជាង​៣​ខែ​ហើយ​ បាន​មួយសន្ទុះ​ ជនសង្ស័យ​បាន​កាន់​កាំបិត​តាំង​តោ​ ដើរមក​ពីក្រោយ​ជន​រង​គ្រោះ​ដែល​កំពុង​អង្គុយ​ផឹកស្រា​ហើយ​ រួច​បាន​កាប់​ ជន​រង​គ្រោះ​ចំនួន​ ៤​កាំបិត​.​បណ្ដាល​ឲ្យ​របួស​ចំ​ កណ្ដាល​ក្បាល​ចំនួន​១​កន្លែង​,​ របួស​ខ្នង​ខាងស្តាំ​ចំនួន​ ១​កន្លែង​,​ របួស​កំប៉េះគូទ​ខាងស្តាំ​ចំនួន​ ១​កន្លែង​ និង​របួស​កែងជើង​ខាងស្ដាំ​ចំនួន ១​កន្លែង​ រួច​ជនសង្ស័យ​គេចខ្លួន​បាត់​ទៅ​ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ផឹក​ជាមួយ​គ្នា​ និង​ញាតិ​ជិតខាង​ដឹកនាំ​យក​ទៅ​ព្យាបាល​ នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​ ។​ លុះដល់​ថ្ងៃ​ទី​២២​ខែ​ឆ្នាំ​ដដែល​ ប្រពន្ធ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​អញ្ចាញ​ ចាត់ការ​តាម​ច្បាប់​។​

ក្រោយ​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ បាន​ទទួល​ពាក្យបណ្ដឹង​រួច​មក​ កម្លាំង​ជំនាញ​និង​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ឡា​ ណា​រិ​ទ្ធិ​យក​មក​ ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​ដើម្បី​ ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕