ឥទ្ធិពលគ្រឿងញៀន! បុរសម្នាក់ សម្រុកចូលប៉ុស្តិ៍ប៉ូលិស ស្រែកគំរាមថា «អញនឹងសម្លាប់ប៉ូលិស ប៉ុស្តិ៍ចោលទាំងអស់»

0

ភ្នំពេញ៖ បុរសញៀនថ្នាំម្នាក់ មិនដឹងថាមានគំនុំ ឬមានបញ្ហាអ្វីទេ ស្រាប់តែចូលទៅក្នុងប៉ុស្តិ៍ នគរបាលរដ្ឋបាលដើមឫស ស្ថិតនៅភូមិរលួស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រួចស្រែកគំរាមថា «អញនឹងសម្លាប់ប៉ូលិស ប៉ុស្តិ៍ចោលទាំងអស់»។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ៨៖៣០នាទី យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។

បើតាមរបាយការណ៍របស់ប៉ូលិសស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខាត់ សុខា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានផ្ទុកសារធាតុញៀន ។

នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូ ជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះ ឡុង មកឈប់នៅជិតប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើមឫស រួចឈ្មោះ ឡុង បានជិះម៉ូតូចេញទៅបាត់ ។ ចំណែក ជនសង្ស័យបានដើរសំដៅ ចូលទៅក្នុងប៉ុស្តិ៍ប៉ូលិស រួចស្រែជេរឡូឡាថា «អញនឹងសម្លាប់ប៉ូលិស ប៉ុស្តិ៍ចោលទាំងអស់» ។

ភ្លាមនោះ កម្លាំងប៉ុស្តិ៍នគរបាលបាលរដ្ឋបាលដើមឫស បានចេញមកសួរនាំ ហើយជនសង្ស័យ បានស្រែកសួរថា «អាធារ៉ា មេប៉ុស្តិ៍វាទៅណា អញសម្លាប់វាចោល» រួចជនសង្ស័យក៏ស្ទុះទៅវាយ កញ្ចក់ប៉ុស្តិ៍បែកអស់ចំនួន ២ផ្ទាំង និង ស្រែកថានឹងសម្លាប់ប៉ូលិសអោយងាប់ទាំងអស់ ។

ភ្លាមនោះ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋឃុំដើមឫស បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូន មកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង តែម្តង ដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធីច្បាប់ ៕