ភ្នំពេញ៖ គ្រាន់តែឪពុកស្តីប្រដៅកុំឲ្យដើរលេងផឹកស៊ី ក្រែងជំងឺឆ្កួតជ្រូករើឡើងវិញ ស្រាប់តែកូនប្រុសតិរច្ឆានផ្ទុះកំហឹង ទាញព្រនង់ឬស្សីវាយឳពុកចំសៀតផ្កា បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិឬស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ជនរងគ្រោះឈ្មោះ ឥន សាវ៉ន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ ចំណែកជនសង្ស័យជាកូនឈ្មោះ ឥន ទ្រី ភេទប្រុស អាយុ៣៣ឆ្នាំ ។ អ្នកទាំងពីរមានទីលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ ។
មុនពេលកើតហេតុ ជនរងគ្រោះបាននិយាយប្រដៅកូនកុំឲ្យដើរលេងស៊ីផឹក ក្រែងជំងឺឆ្កួតជ្រូករើឡើងវិញ ស្រាប់តែកូនប្រុសបានយកព្រនង់ឫស្សី ប៉ុនមេដៃមានប្រវែង ៤០សង្ទីម៉ែត្រ វាយទៅលើជនរងគ្រោះជាឪពុកត្រូវចំត្រង់សៀតផ្កាខាងឆ្វេង បណ្តាលឱ្យប្រកាច់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ធ្វើឱ្យស្ត្រីជាម្តាយ និងអ្នកស្រុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យយក ទៅផ្តន្ទាទោសតាមច្បាប់តែម្តង ។
ក្រោយពីវាយឪពុកបណ្តាល ឱ្យបាត់បង់ជីវិតរួចហើយ ជនសង្ស័យក៏មិនបានរត់គេចខ្លួនដែរ នៅអង្គុយមុខផ្ទះមើលសពឪពុក ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង។
បើតាមក្រុមគ្រួសារជនរងគ្រោះ បាននិយាយថា ជនសង្ស័យជាកូនធ្លាប់មានជំងឺឆ្កួតជ្រូក ហើយមុនពេលកើតហេតុ គេឃើញឪពុកអង្គុយក្បែរកូន ទំនងជានិយាយអប់រំប្រដៅកូន មិនឱ្យដើរលេង និងកុំឱ្យផឹកស្រា ខ្លាចជំងឺឆ្កួតជ្រូករើឡើងវិញ នាំឱ្យគ្រោះថ្នាក់ មិននឹកស្មានដល់ថា កូនប្រុសរូបនេះដើរទៅយកព្រនង់ឫស្សី វាយទៅលើឳពុកមួយព្រនង់ចំសៀតផ្កាខាងឆ្វេង បណ្តាលឱ្យឪពុកបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងបែបនេះសោះ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅប៉ុស្តិ៍រដ្ឋបាល នគបាលឃុំរមាំងថ្កោល ដើម្បីសាកសួររួចកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី ៕