វ៉ៃខ្នោះជនជាតិចិន ៣នាក់ ដកហូតគ្រឿងញៀនជាង ១គីឡូក្រាម

0

ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) បានចុះបង្ក្រាប និងឃាត់ខ្លួនមេក្លោងជួញដូរ គ្រឿងញៀនជាជនជាតិចិនចំនួន ៣នាក់ ដកហូតវត្ថុតាងគ្រឿងញៀនជាង ១គីឡូក្រាម។

ប្រតិបត្តិការបានធ្វើឡើង ដោយអនុវត្តន៍តាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀនសហការពីកម្លាំងនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក សឿន មុនីរ័ត្ន ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន នៅចំណុចមុខបន្ទប់ជួល ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

ជនសង្ស័យទី១-ឈ្មោះ ប៉ា អ៊ីង ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិចិន អ្នកជួញដូរគ្រឿងញៀន, ទី២-ឈ្មោះ ហ៊ួក ថាវ ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិចិន អ្នកជួញដូរ គ្រឿងញៀន និងទី៣-ឈ្មោះ SHI SI BEI ភេទប្រុស កើតឆ្នាំ១៩៧១ ជនជាតិចិន មេក្លោងជួញដូរ គ្រឿងញៀន។

វត្ថតាងចាប់យករួមមាន៖ សារធាតុញៀនសរុប ១គ.ក្រ ៤៥៣.៥៤ក្រាម (មេតំហ្វេតាមីន(ICE) ទម្ងន់ ១៣៨៩.៤៣ក្រាម. គ្រាប់(WY) ២៩,២១ក្រាម, អ៊ិចស្តាស៊ី ៣៤,៩០ក្រាម) ជញ្ជីងថ្លឹង ១គ្រឿង និងទូរស័ព្ទ ០២គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿង បញ្ជូនទៅសាលដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕