ភ្នំពេញ៖ ក្រុមហ៊ុនជេឈីង សម្រស់ស៊ីជម្ពូ ខសមេធីក ឯ.ក ត្រូវបានសមត្ថកិច្ចចម្រុះចុះទៅបង្ក្រាប ក្រោយបើកលក់ផលិតផល គ្មានច្បាប់អនុញ្ញាត និងមិនមានលេខប្រវេទស៍ ពីក្រសួងសុខាភិបាលត្រឹមត្រូវ ។
ប្រតិបត្តិការចុះបង្ក្រាបនេះ គឺកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំង នាយដ្ឋានប្រឆាំងផលិតផល ក្លែងក្លាយនៃក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ទោ តាន់ គុណតារា អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានចុះបង្ក្រាបផលិតផលជាច្រើនមុខដែល មិនមានលេខប្រវេទស៍ ពីក្រសួងសុខាភិបាលត្រឹមត្រូវ នៅផ្ទះលេខG52 ផ្លូវGOLD ក្រុមទី៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យទីតាំង សមត្ថកិច្ចបានឃើញថា ផលិតផលមួយចំនួនមិនមានលេខប្រវេទស៍ ពីក្រសួងសុខាភិបាលត្រឹមត្រូវ ។ ដោយបានការឯកភាពពីលោកព្រះរាជអាជ្ញារង ចែ សុង កម្លាំងសមត្ថកិច្ចគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានសម្រេចធ្វើការផ្អាកបន្ទប់ នៃទីតាំងស្តុកខាងលើបណ្តោះអាសន្ន និងបង្កាប់ឲ្យម្ចាស់ទីតាំងចូលបំភ្លឺនៅលេខាធិការដ្ឋាន គ.ប.ផ.ក។
ក្នុងនោះផលិតផលរកឃើញ ស្នើសុំចុះបញ្ចីការណ៍ប្រវេទន៍៖ CC Cream Sun ចំនួន៤០កេស ស្មើនឹង៣៥០០ដប, DongBeak Facia Foam ចំនួន20កេស ស្មើនឹង7000ដប, Body Lotion ចំនួន៦០កេស ស្មើនឹង២២០០ដប, U Weel Lotion ចំនួន១២កេស ស្មើនឹង១២០ដប, Miracle Special Night Cream ចំនួន៣០០ដប, សំបកខ្លង ចំនួន៨៥ខ្លង។
ចំពោះផលិតផលមានចុះបញ្ចី ការណ៍ប្រវេទន៍៖ Honey សារ៉ូមស្បែក២៥០ក្រាម ចំនួន២០០ដប, Lip Stick ចំនួន២០០ដប, Honey Collagen Serum ចំនួន១០០ដប។
បច្ចុប្បន្នវត្ថុតាងខាងលើ កម្លាំងសមត្ថកិច្ចគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចូលរួមវិចខ្ចប់រក្សារ ទុកនៅក្នុងបន្ទប់ខាងលើជាបណ្តោះអាសន្ន នឹងដកយក មួយចំនួនបញ្ចូនទៅនាយដ្ឋាន ប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផៃ្ទ ដើម្បីគ្រប់គ្រង និងចាត់ការបន្តតាមនីតិវិធី ៕