ភ្នំពេញ៖ ដោយសារភ្លើងប្រចណ្ឌ ប្ដីមិនទាន់ស្របច្បាប់ បានដកកាំភ្លើងម៉ាកK៥៤ លេខ៣៧៦៣ បាញ់ប្រហារ ប្រពន្ធខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីម៉ោង ២.៥០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចមុខសាលាបឋមសិក្សាសាមគ្គី (ផ្លូវជាតិលេខ៦) ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ជនបង្កឈ្មោះ ចាន់ ផល ហៅពៅ ភេទប្រុស អាយុប្រហែល៥០ឆ្នាំ ទីលំនៅភូមិស្វាយធំ ខេត្តសៀមរាប ជិះរថយន្តពណ៌ខ្មៅ ម៉ាក នីសាន់ ពាក់ស្លាកលេខ ២W-៨៧៨៧ ។ យជនរងគ្រោះឈ្មោះ សំអុល សុខដានី ភេទស្រី អាយុ២៧ឆ្នាំ ទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ភ្នំពេញ រងរបួសធ្ងន់ចំដើមទ្រូងខាងឆ្វេង ១គ្រាប់ (បៀមគ្រាប់)។ ក្រោយមានការផ្ទុះអាវុធជនបង្ក បានឡើងរថយន្តគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូន មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
បើតាមការរៀបរាប់ របស់នារីរងគ្រោះ ដែលមានអាយុ២៧ឆ្នាំ បានឲ្យដឹងថា នៅវេលាកើតហេតុ រូបនាងត្រូវបានប្តី ពុំទាន់បានរៀបការ បាញ់សម្លាប់ក្នុងរថយន្ត ត្រូវចំណុចលើសុដន់ផ្នែកខាងឆ្វេង បៀមគ្រាប់ជាប់ក្នុងសាច់ តែសំណាងល្អ នាងមិនស្លាប់ ហើយបានបើកទ្វារថយន្ត រត់ចេញក្រៅ ស្រែកអោយគេជួយ ។
ស្របពេលនោះ កម្លាំងនគរបាល និងកម្លាំងប្រជាការពារ ដែលការពារ សន្តិសុខ សុវត្ថិភាពជូន សម្តេចតេជោ ហ៊ុន សែន ដែលឈរជើងនៅទីនោះ បានជួយសង្គ្រោះទាន់ពេលវេលា និងបានបញ្ជូនមកកាន់មន្ទីរពេទ្យ បង្អែកខេត្តសៀមរាប។
សមត្ថកិច្ចបានចាប់ខ្លួនប្តីមិនទាន់រៀបការ ដែលបាញ់សម្លាប់ប្រពន្ធក្នុងឡាន តែមិនស្លាប់បានហើយ នៅខេត្តបាត់ដំបង និងកំពុងបញ្ជូនបន្តមកស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ៕