សូមប្រុងប្រយ័ត្ន! ព្យុះទី១៧ សូដែល នឹងបន្តជះឥទ្ធិពលបន្តិចបន្តួច មកលើប្រទេសកម្ពុជា

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទី១៧ ឈ្មោះ សូដែល (Saudel) នឹងបន្តជះឥទ្ធិពលបន្តិចបន្ទួចប៉ុណ្ណោះ មកលើភាគឦសាន្ត នៃប្រទេសកម្ពុជា ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៧ ខែតុលា របស់ក្រសួងធនធានទឹក នៅថ្ងៃទី២០ តុលា បានឲ្យដឹងថា យោងតាមស្ថានភាពបម្រែបម្រួល ជាក់ស្តែងនៃអាកាសធាតុ បង្ហាញឲ្យឃើញថា កម្ពុជាយើងបានកំពុងនឹង បន្តទទួលនូវខ្យល់មូសុងនិរតី ដែលមានកម្រិតមធ្យម ប្រព័ន្ធសម្ពាធទាបនៅបន្តអូសន្លាយកាត់ពីលើ។

ទន្ទឹមនោះនៅក្នុងមហាសមុទ្រ ស្ថិតនៅខាងកើតប្រទេសហ្វីលីពីន នឹងអាចមានការកកើតឡើងនូវព្យុះទី១៧ ឈ្មោះ សូដែល (Saudel) ដែលតាមរយៈការព្យាករជាលក្ខណៈតំបន់ បង្ហាញឲ្យឃើញថា ព្យុះនេះធ្វើដំណើរចូលភាគខាងជើងវៀតណាម ត្រង់ចំណុចខេត្តវិញ ក្នុងអំឡុងថ្ងៃទី២៥-២៦ ខែតុលា។ ព្យុះនេះអាចមានឥទ្ធិពលបន្តិចបន្ទួចប៉ុណ្ណោះ នៃភាគឦសាន្តប្រទេសកម្ពុជា។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅមធ្យម។ ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្ត នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយពីតិចទៅមធ្យម។ ដោយឡែកតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយពីតិចទៅបង្គួរ។

ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ទន្ទឹមនោះ នៅថ្ងៃទី២៤-២៨ ខែតុលា ឆ្នាំ២០២០ អាចមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ ៕