ភ្នំពេញ៖ បុរសជនជាតិចិនចំនួន៤នាក់ ជាម្ចាស់គ្រឿងញៀនទម្ងន់ជាង២តោន និងមានតម្លៃជាង១០លានដុល្លារ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចនាពីថ្ងៃច័ន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០នេះ ដាក់ឃុំខ្លួនបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ រក្សាទុកដឹកជញ្ជូនកែច្នៃ និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនហាមឃាត់ ។
ជនជាប់ចោទទាំង៤នាក់ ទី១ឈ្មោះ ចិន ជឺជា (CHEN CHIH CHIEH) ហៅ JACKY ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិតៃវ៉ាន់លេខ 05196333 (អ្នកបញ្ជាការដឹកជញ្ជូន) ។
ទី២.ឈ្មោះ ចាង ឈិជឺ (Zhan Qi Zhi) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 313641977 (អ្នកដឹកជញ្ជូន) ។
ទី៣.ឈ្មោះ យ៉ូវ យ៉ាវជុង (YU Yao Tsung) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 352875960 (អ្នកដឹកជញ្ជូន) ។
ទី ៤.ឈ្មោះ ឈិន ប៉ាវជីន (Chen Pao Jiun) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ លិខិតឆ្លងដែនគ្មាន (អ្នកដឹកជញ្ជូន) ។
ដោយឡែកជនសង្ស័យម្នាក់ទៀត ឈ្មោះ វូ ឈីសុន (WU Chi Hsun) ភេទប្រុស ជនជាតិចិន តៃវ៉ាន់កាន់លិខិតឆ្លងដែន លេខ 303650596 បានកាន់គ្រឿងញៀន លួចសំរូតតាមបង្កាន់ដៃអាគារ ហើយធ្លាក់ស្លាប់ នៅកន្លែង ។
សូមបញ្ជាក់ថា ក្នុងពេលចាប់ខ្លួនជនជាប់ទាំង៤នាក់ សមត្ថកិច្ចបានរឹបអូសគ្រឿងញៀនទម្ងន់ ២១០៦គីឡូក្រាម ២១៥,៨៩ក្រាម និងសារធាតុគីមីផ្សំ ៦០០ គីឡូក្រាម ដែលបង្ក្រាបបាននៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ៣គោលដៅ និងនៅរាជធានីភ្នំពេញ ៤គោលដៅ មានតម្លៃ ១០លានដុល្លារអាមេរិក ។
កិច្ចប្រតិបត្តិការនេះ មន្ត្រីជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ នាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស ព្រមទាំងមានការសម្របសម្រួលដឹកនាំពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខេត្តព្រះវិហារ និងខេត្តព្រះសីហនុ ៕






