ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់ ឈ្លោះគ្នាជាមួយសង្សារ បានជារត់មកលោតទឹកសម្លាប់ខ្លួន នៅមុខព្រះបរមរាជវាំងបណ្ដាលឲ្យស្លាប់ ហើយក្រោយមកត្រូវអ្នកនេសាទ ជនជាតិចាមរកឃើញ។ ហេតុការណ៍នេះបង្កឲ្យមាន ការភ្ញាក់ផ្អើលកាលពីម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅមុខព្រះអង្គដងកើ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។
បើតាមបុរសម្នាក់រត់ម៉ូតូកង់បី ដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង ៤៖៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០ មានស្ត្រីជនជាតិចិនម្នាក់ បានរត់មកបុកស្មារបស់គាត់ ហើយគាត់ក៏មិនចាប់អារម្មណ៍ដែរ គឺគាត់ក៏អង្គុយលេងបន្តទៀត តែងាកក្រោយមើលទៅ ឃើញជនជាតិចិនម្នាក់នោះ ឈរជក់បារីនៅមុខមាត់ទន្លេ ក្រោយពីជក់បារីអស់ ស្រាប់តែលោតទឹកសម្លាប់ខ្លួនតែម្ដង ហើយពេលនោះគាត់ក៏បានស្រែក ឱ្យគេជួយតែជួយពុំទាន់ឡើយ។
ប្រភពដដែល បានឲ្យដឹងទៀតថា ក្រោយពីគាត់ស្រែកដើម្បីឱ្យមានគេជួយ ស្រាប់តែខណៈនោះមានមិត្តភក្កិ របស់នារីរងគ្រោះរត់តាមពីក្រោយពីរបីនាក់ បានជួលឱ្យអ្នកនេសាទស្វែងរក នារីដែលលោតទឹកសម្លាប់ខ្លួននោះ រហូតទាល់តែឃើញ តែអកុសលនារីរងគ្រោះ បាត់បង់ជីវិតបាត់ទៅហើយ។
ក្រោយពីនាំមិត្តភក្កិរបស់ជនរងគ្រោះ ដែលស្លាប់យកមកសាកសួរ ទើបដឹងពីមូលហេតុនៃការស្លាប់ របស់ស្ត្រីជនជាតិចិននោះ គឺកើតឡើងដោយសារតែ ជនរងគ្រោះមានជម្លោះជាមួយនឹងសង្សារ នៅខុនដូមួយកន្លែងរួច ក៏រត់មកលោតទឹកសម្លាប់ខ្លួនតែម្ដង ។
បច្ចុប្បន្ន សមត្ថកិច្ចធ្វើកោសល្យវិច្ច័យ រួចយកសាកសពទៅតម្កល់ នៅវត្តស្ទឹងមានជ័យ ៕